ចូឡរាហុលោវាទសូត្រទី ៥
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ពួនសម្ងំ ( ក្នុងផលសមាបត្តិ ) ក៏មានព្រះតម្រិះក្នុងព្រះហបឫទ័យកើតឡើងយ៉ាងនេះថា ធម៌ទាំងឡាយសម្រាប់ ធ្វើវិមុត្តិឲ្យចាស់ក្លារបស់រាហុល ចាស់ក្លាហើយ បើដូច្នោះ គួរតែតថាគត ទូន្មានរាហុល ក្នុងការអស់ទៅនៃអាសវៈទាំងឡាយតទៅទៀត ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និង ចីវរ ក្នុងវេលាព្រឹកព្រហាម ស្តេចចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ។ លុះព្រះអង្គស្តេចទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្តវិញ ទ្រង់ត្រាស់ហៅព្រះរាហុលមានអាយុថា ម្នាលរាហុល ចូរអ្នកកាន់យកសំពត់និសីទនៈ យើងនឹងចូលទៅឯអន្ធវ័ន ( ព្រៃជាទីនៅនៃចោរខ្វាក់ ) ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ព្រះរាហុលមាន អាយុ ទទួលតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏កាន់យកសំពត់និសីទនៈ ដើរតាមក្រោយៗ ព្រះមានព្រះភាគទៅ ។ សម័យនោះឯង ទេវតាច្រើនពាន់ទៅតាមព្រះមានព្រះភាគ ដោយគិតថា ថ្ងៃ នេះ ព្រះមានព្រះភាគនឹងទូន្មានព្រះរាហុលមានអាយុ ក្នុងការអស់ទៅនៃអាសវៈ ទាំងឡាយតទៅទៀត ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅ ដល់អន្ធវ័ន ហើយគង់លើអាសនៈ ដែលគេក្រាលថ្វាយ ទៀបគល់ឈើមួយ ដើម ។ ចំណែកព្រះរាហុលមានអាយុ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយ គង់ក្នុងទីសមគួរ ។