ឆឆក្កសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ កាល ព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាល ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងធម៌ មានលម្អបទដើម មានលំអបទកណ្តាល មាន លម្អបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏ បរិសុទ្ធ បរិបូណ៌ទាំងអស់ ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវ ធម៌ដែលមានចំនួន ៦ ឆក្កៈ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹង សម្តែង ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ បានត្រាស់ដូច្នេះថា អាយតនៈខាងក្នុង ៦ ក៏គួរដឹង អាយតនៈខាងក្រៅ ៦ ក៏គួរដឹង វិញ្ញាណកាយ ( ពួកវិញ្ញាណ ) ៦ ក៏គួរដឹង ផស្សកាយ ( ពួកផស្សៈ ) ៦ ក៏គួរដឹង វេទនាកាយ ( ពួក វេទនា ) ៦ ក៏គួរដឹង តណ្ញាកាយ ( ពួកតណ្ញា ) ៦ ក៏គួរដឹង ។ ឯពាក្យថា អាយតនៈខាងក្នុង ៦ ក៏គួរដឹងដូច្នេះនុ៎ុះ តថាគត បានពោលហើយ ។ ចុះពាក្យដែលតថាគតពោលហើយនុ៎ះ តើព្រោះអាស្រ័យ សេចក្តីដូចម្តេច ។ ចក្ខាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ ជិវ្ហាយតនៈ ១ កាយាយតនៈ ១ មនាយតនៈ ១ ។ ពាក្យណាដែលតថាគត ពោលហើយថា អាយតនៈខាងក្នុង ៦ ក៏គួរដឹងដូច្នេះ ពាក្យន៎ុះតថាគតពោល ហើយ ព្រោះអាស្រ័យសេចក្តីនេះឯង ។ នេះឆក្កៈទី ១ ។