សឡាយតនវិភង្គសូត្រទី ៧
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះមាន ព្រះភាគ បានត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម្មបរិយាយ ជាគ្រឿងបំភ្លឺនូវអាយតនៈធំៗ ៦ ដល់ អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ពាក្យនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃ ចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគ ថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវចក្ខុតាមពិត មិនដឹងមិនឃើញនូវរូបតាមពិត មិនដឹងមិនឃើញនូវចក្ខុវិញ្ញាណតាមពិត មិនដឹងមិនឃើញនូវចក្ខុសម្ផស្សតាមពិត ទេ វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខមិនមែនជាសុខក្តី តែង កើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ក៏មិនដឹងមិនឃើញតាមពិត នូវវេទនា នោះផង រមែងត្រេកអរក្នុងចក្ខុ ត្រេកអរក្នុងរូប ត្រេកអរក្នុងចក្ខុវិញ្ញាណ ត្រេកអរក្នុងចក្ខុសម្ផស្ស វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខមិនមែន ជាសុខក្តី តែងកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ក៏ត្រេកអរក្នុងវេទនានោះ ផង ។ កាលបុគ្គលនោះមានចិត្តត្រេកអរ ជ្រុលជ្រប់ វង្វេងងុលងប់ ជាអ្នក ពិចារណាឃើញនូវសេចក្តីត្រេកអរហើយ ឧបាទានក្ខន្ធទាំង ៥ ក៏ដល់នូវ សេចក្តីចម្រើនតទៅ ។ ឯតណ្ហាដែលតាក់តែងនូវភពថ្មី ប្រកបដោយតម្រេក ដោយអំណាចនៃសេចក្តីត្រេកត្រអាល មានកិរិយារីករាយក្នុងអារម្មណ៍