បិណ្ឌបាតបារិសុទ្ធិសូត្រទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រានោះ ឯង ព្រះសារីបុត្តមានអាយុ ចេញអំពីផលសមាបត្តិ ក្នុងវេលាសាយ័ណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមាន ព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តមានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់សួរដូច្នេះថា ម្នាល សារីបុត្ត ឥន្ទ្រិយរបស់អ្នកជ្រះថ្លា សម្បុរស្បែករបស់អ្នកស្អាតផូរផង់ ម្នាល សារីបុត្ត ក្នុងកាលឥឡូវនេះ តើលោកច្រើនប្រព្រឹត្តទៅ ដោយវិហារធម៌ដូចម្តេច ។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គ ក្នុងកាលឥឡូវនេះ ខ្ញុំព្រះអង្គ ច្រើនប្រព្រឹត្តទៅដោយសុញ្ញតាវិហារធម៌ ។ ម្នាលសារីបុត្ត ប្រពៃណាស់ហើយៗ ម្នាលសារីបុត្រ បាន ឮថា ក្នុងកាលឥឡូវនេះ លោកច្រើនប្រព្រឹត្តទៅដោយវិហារធម៌ របស់មហាប ុរស ម្នាលសារីបុត្រ ឯវិហារធម៌របស់មហាបុរស ក៏គឺសុញ្ញតាវិហារធម៌នេះ ឯង ។ ម្នាលសារីបុត្ត ព្រោះហេតុនោះ បើភិក្ខុក្នុងសាសនានេះ ប្រាថ្នាថា អាត្មាអញគួរតែប្រព្រឹត្តទៅ ច្រើនដោយសុញ្ញតាវិហារធម៌ ម្នាលសារីបុត្ត ភិក្ខុនោះគប្បីពិចារណាដូច្នេះថា អាត្មាអញបានចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត តាមផ្លូវណាក្តី បានត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងប្រទេសណាក្តី បាន ត្រឡប់អំពីបិណ្ឌបាត ចេញអំពីស្រុកតាមផ្លូវណាក្តី តើក្នុងផ្លូវទាំងនោះ អាត្មាអញ មានឆន្ទៈ គឺសេចក្តីពេញចិត្ត ឬរាគៈ គឺសេចក្តីត្រេក ទោសៈ គឺសេចក្តី ប្រទូស្ត ឬមោហៈ គឺសេចក្តីវង្វេង ឬក៏បដិឃៈ គឺសេចក្តីថ្នាំងថ្នាក់នៃចិត្តក ្នុងរូបដែលគប្បីដឹងបានដោយភ្នែកដ