ឥន្ទ្រិយភាវនាសូត្រទី ១០
ខ្ញុំបានស្តាប់យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងព្រៃបឫស្សី ជិតកជ្ជង្គលនិគម ។ គ្រានោះឯង ឧត្តរមាណព ជាកូនសិស្ស របស់បារាសិរិយព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ ដល់ហើយ ក៏រីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល គួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះឧត្តរមាណពជាកូនសិស្ស របស់បារាសិរិយព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគត្រាស់សួរដូច្នេះថា ម្នាលឧត្តរៈ បារាសិរិយព្រាហ្មណ៍ តែងសម្តែងវិធីចម្រើនឥន្ទ្រិយរបស់សាវ័កទាំងឡាយ មែនឬ ។ ឧត្តរមាណពក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន បារាសិរិយព្រាហ្មណ៍ តែងសម្តែងវិធីចម្រើនឥន្ទ្រិយរបស់សាវ័កទាំងឡាយមែន ។ ព្រះអង្គ ត្រាស់សួរថា ម្នាលឧត្តរៈ ចុះបារាសិរិយព្រាហ្មណ៍តែងសម្តែងវិធីចម្រើន ឥន្ទ្រិយរបស់សាវ័កទាំងឡាយ តើដូចម្តេច ។ បពិត្រព្រះគោតមដ៏ចម្រើន បារាសិរិយព្រាហ្មណ៍សម្តែងថា បុគ្គលក្នុងលោកនេះ កុំមើលរូបដោយភ្នែក កុំស្តាប់សំឡេងដោយត្រចៀក បពិត្រព្រះគោតមដ៏ចម្រើន ឯបារាសិរិយព្រាហ្មណ៍ តែងសម្តែងនូវវិធីចម្រើនឥន្ទ្រិយរបស់សាវ័កទាំងឡាយយ៉ាងនេះ ឯង ។ ឱឧត្តរៈ កាលបើយ៉ាងនេះ បុគ្គលខ្វាក់នឹងបាននាមថា ជាអ្នកចម្រើន ឥន្ទ្រិយហើយ បុគ្គលថ្លង់នឹងបាននាមថា ជាអ្នកចម្រើនឥន្ទ្រិយហើយ ទើប សមនឹងពាក្យរបស់បារាសិរិយព្រាហ្មណ៍ ម្នាលឧត្តរៈ ព្រោះថា បុគ្គលខ្វាក់ មិនឃើញរូបដោយភ្នែកទេ បុគ្គលថ្លង់មិនឮសំឡេងដោយត្រចៀកទេ ។ កាល ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ឧត្តរមាណពជាកូនសិស្សបារាសិរិយព្រាហ្មណ៍ ក៏អង្គុយនៅស្ងៀម អៀនអន់ ឱន-ក ដាក់មុខជ្រប់ មិន និយាយ ។