ឱឃតរណសូត្រទី ១

ក្បាលទី 19 · ទំព័រ 2

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះ ឯង លុះរាត្រីបឋមយាមកន្លងទៅហើយ ទេវតាមួយអង្គ មានរស្មីរុងរឿង ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយឈរក្នុងទីដ៏ សមគួរ ។ លុះទេវតានោះ ឈរក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលសួរ ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គនិទុ៌ក្ខ ព្រះអង្គឆ្លងនូវអន្លង់ដោយ ហេតុដូចម្តេចហ្ន៎ ។ ព្រះអង្គត្រាស់ថា ម្នាលអាវុសោ តថាគតមិនឈប់ មិន ប្រឹង តែឆ្លងអន្លង់បាន ។ បពិត្រព្រះអង្គនិទុ៌ក្ខ ចុះព្រះអង្គមិនឈប់ មិនប្រឹង តែឆ្លងអន្លង់បាន តើដូចម្តេច ។ ម្នាលអាវុសោ កាលណា តថាគតឈប់ តថាគតនឹងលិចចុះក្នុងកាលនោះ កាលណា តថាគតប្រឹង តថាគតនឹងរសាត់ ឃ្លាតទៅក្នុងកាលនោះ ម្នាលអាវុសោ តថាគតមិនឈប់ មិនប្រឹង តែឆ្លង អន្លង់បាន យ៉ាងនេះឯង ។ តាំងពីរយូរណាស់ហើយ ខ្ញុំទើបតែនឹងបានឃើញ ខីណាសវព្រាហ្មណ៍ ជាអ្នករម្លត់កិលេសដែលមិនឈប់ មិនប្រឹង តែឆ្លងតណ្ហាដែលផ្សាយទៅក្នុងលោកបាន ។ លុះទេវតានោះ ពោលពាក្យនេះចប់ហើយ ព្រះសាស្តា ក៏មាន ព្រះហបឫទ័យរីករាយ ។ គ្រានោះឯង ទេវតាអង្គនោះ ដឹងថាព្រះសាស្តារបស់ អញ មានព្រះហបឫទ័យរីករាយដូច្នេះហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ ប្រទក្សិណ ហើយក៏បាត់ទៅ ក្នុងទីនោះឯង ។