អដ្ឋកថា និមោក្ខសូត្រទី ២

ក្បាលទី 19 · ទំព័រ 51

ឥឡូវនេះ ចាប់អំពីសូត្រទី ២ ជាដើមទៅ ខ្ញុំលះបង់សេចក្តី ដែលមកហើយក្នុងសូត្រទី ១ និងសេចក្តីដែលងាយយល់ហើយ នឹងពណ៌នា សេចក្តីដែលនៅមិនទាន់បានពណ៌នា និងសេចក្តីដែលនៅមិនទាន់ជាក់ច្បាស់ បុណ្ណោះ ។ បទថា ជានាសិ នោ លោកកែជា ជានាសិ នុ ប្រែថា ទ្រង់ជ្រាបដែរ ឬ ។ បទថា និមោក្ខំ ជាដើម ជាឈ្មោះរបស់ធម៌ទាំងឡាយ មានមគ្គជាដើម ។ ពិតហើយ សត្វទាំងឡាយ រមែងរួចផុតចាកចំណង គឺកិលេសបាន ដោយមគ្គ ព្រោះហេតុនោះ ទើបលោកពោលថា មគ្គជាផ្លូវរួចផុតរបស់សត្វ ទាំងឡាយ ដូច្នេះ ។ ចំណែកក្នុងខណៈនៃផល សត្វទាំងឡាយនោះ រួចផុត ហើយចាកចំណង គឺកិលេស ព្រោះហេតុនោះ ទើបលោកពោលថា ផល ជាការរួចផុតរបស់សត្វទាំងឡាយ ដូច្នេះ ។ ទុក្ខទាំងពួងរបស់សត្វទាំងឡាយ រមែងស្ងប់រម្ងាប់ទៅ ព្រោះសម្រេចព្រះនិព្វាន ដូច្នោះ ទើបពោលថា ព្រះ និព្វានជាទីស្ងាត់ ដូច្នេះ ។ ម្យ៉ាងវិញទៀត ធម៌ទាំងអស់នេះ ( មគ្គ និងផល ) ជាឈ្មោះនៃព្រះ និព្វាននោះឯង ព្រោះថា សត្វទាំងឡាយ រមែងរួច រមែងរួចផុត រមែងស្ងប់ រម្ងាប់ចាកទុក្ខទាំងអស់ ព្រោះសម្រេចព្រះនិព្វាន ព្រោះហេតុនោះ ទើបនិព្វាន នោះឯង លោកពោលថា និមោក្ខោ រួច បមោក្ខោ រួចផុត វិវេកោ ស្ងាត់ ដូច្នេះនោះឯង ។ បទថា ជានាមិ ខ្វាហំ ប្រែថា តថាគតដឹងពិត ។ ខោ អក្ខរៈ ចុះក្នុងអត្ថថា ដោយពិត អធិប្បាយថា តថាគតដឹងដោយពិត ។ ពិត ហើយ តថាគតបំពេញបារមីទាំង ៣០ ហើយសម្រេចសព្វញ្ញុតញ្ញាណ ដើម្បី ដឹងនូវធម៌ជាផ្លូវរួចផុត របស់សត្វទាំងឡាយជាដើមនោះឯង ដោយហេតុនេះ ទើបតថាគតបន្លឺនូវសីហនាទ ។ បានឮថា សូត្រនេះ ឈ្មោះថា ពុទ្ធសីហនាទ ។