អដ្ឋកថា ឧបនេយ្យសូត្រទី ៣

ក្បាលទី 19 · ទំព័រ 55

បទថា ជីវិតំ បានដល់ ជីវិត្រិន្ទិយ ។ បទថា អប្បំ ប្រែថា តិច គឺតិចតួច ។ បណ្ឌិត គប្បីជ្រាបភាវៈនៃជីវិត គឺអាយុនោះជារបស់តិច ដោយអាការ ២ យ៉ាង គឺឈ្មោះថា តិច ព្រោះការដែលមានជីវិតនោះ ប្រព្រឹត្តទៅដោយ រស គឺការអស់ទៅ និងព្រោះភាពដែលជីវិតនោះ ប្រកបដោយខណៈ គឺ មួយស្របក់ ។ ពិតហើយ ព្រោះព្រះបាលីក្នុងវេបុល្លបព្វតសូត្រថា យោ ចិរំ ជីវតិ សោ វស្សសតំ អប្បំ វា ភិយ្យោ វា ប្រែថា មនុស្សណារស់នៅយ៉ាងយូរ មនុស្សនោះរស់នៅត្រឹម ១០០ ឆ្នាំ ឬតិចជាងក៏មាន ច្រើនជាងក៏មាន ។ កាលពោលដោយបរមត្ថ ខណៈនៃជីវិតរបស់សត្វទាំងឡាយតិចណាស់ គឺប្រព្រឹត្តទៅត្រឹមតែចិត្ត ១ ដួងបុណ្ណោះ ( ពោលដោយបរមត្ថក្ខណៈ មាន ៣ គឺឧប្បាទក្ខណៈ ឋិតិក្ខណៈ ភង្គក្ខណៈ ) ទើបឈ្មោះថា តិច ព្រោះភាវៈ នៃជីវិតនាមនោះ ជារបស់ប្រព្រឹត្តជាមួយនឹងខណៈ ។ ឧបមាដោយកង់នៃរថ សូម្បីកាលវិលទៅ រមែងវិលទៅដោយចំណែកនៃកង់មួយបុណ្ណោះ សូម្បី កាលឈប់ ក៏ឈប់ដោយចំណែកនៃកង់រថមួយនោះដដែល យ៉ាងណា ជីវិត របស់សត្វទាំងឡាយ រមែងប្រព្រឹត្តទៅក្នុងខណៈនៃចិត្ត ១ ដួង ក៏យ៉ាងនោះ ដូចគ្នា កាលចិត្តដួងនោះត្រឹមតែរលត់ហើយ លោកក៏ហៅថា សត្វស្លាប់ ហើយ ដូចពាក្យដែលលោកពោលក្នុងមហានិទ្ទេស គុហដ្ឋកសូត្រថា អតីតេ ចិត្តក្ខណេ ជីវិត្ថ ន ជីវតិ ន ជីវិស្សតិ ។ អនាគតេ ចិត្តក្ខណេ ជីវិស្សតិ ន ជីវតិ ន ជីវិត្ថ ។ បច្ចុប្បន្នេ ចិត្តក្ខណេ ជីវតិ ន ជីវិត្ថ ន ជីវិស្សតិ សត្វដែលរស់នៅហើយ ក្នុងខណៈចិត្តជាអតីត មិនរស់ នៅ នឹងមិនរស់នៅ ។ សត្វនឹងរស់នៅ ក្នុងខណៈចិត្តជាអនាគត មិនរស់ នៅ មិនរស់នៅហើយ ។ សត្វកំពុងរស់នៅក្នុងខណៈចិត្តជាបច្ចុប្បន្ន មិន បានរស់នៅហើយ នឹងមិនរស់នៅ ។