អដ្ឋកថា ច្ចេន្តិសូត្រទី ៤
បទថា វយោគុណា បានដល់ គុណ គឺគំនរនៃបឋមវ័យ មជ្ឈិមវ័យ និងបច្ឆិមវ័យ ។ ពិតហើយ អត្ថនៃ គុណ សព្ទ មានក្នុងអត្ថច្រើនយ៉ាង ដូចជាមាន អត្ថថា ជាន់ អានិសង្ស កោដ្ឋាស ចំណង ។ មកក្នុងអត្ថថា ជាន់ ដូចក្នុងប្រយោគជាដើមថា អនុជានាមិ ភិក្ខវេ តិចីវរំ ទ្វិគុណំ សង្ឃាដឹ ឯកច្ចិយំ ឧត្តរាសង្គំ ឯកច្ចិយំ អន្តរវាសកំ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចីវរ ៣ គឺសង្ឃាដី ២ ជាន់ ឧត្តរាសង្គ ( ចីពរ ) ១ ជាន់ ស្បង់ ១ ជាន់ ដូច្នេះ ។ មានអត្ថថា អានិសង្ស ដូចក្នុងប្រយោគជាដើមថា សតគុណា ទក្ខិណា បដិកង្ខិតព្វា ទក្ខិណាមានគុណ ១០០ ដែលបុគ្គលត្រូវបាន ( ព្រោះឲ្យទាន ចំពោះសត្វតិរច្ឆាន ) ។ អត្ថនៃ គុណ សព្ទ ដែលមានអត្ថថា កោដ្ឋាស ដូចក្នុងប្រយោគ ជាដើមថា អន្តំ អន្តគុណំ ពោះវេនោធំ ពោះវេនោតូច ។ ដែលមានអត្ថថាចំណង ដូចក្នុងប្រយោគជាដើមថា បញ្ច កាមគុណា ចំណង គឺកាម ៥ យ៉ាង ដូច្នេះ ។ តែក្នុងទីនេះ អត្ថនៃ គុណ សព្ទ មានក្នុងអត្ថថា រាសិ ដែលប្រែថា គំនរ ឬពួក ព្រោះហេតុនោះ បណ្ឌិតគប្បីជ្រាបបទថា វយោគុណា នេះ ថា ជាគំនរនៃវ័យ ដូច្នេះ ។ បទថា អនុបុព្វំ ជហន្តិ អធិប្បាយថា វ័យ ទាំងឡាយ រមែងលះបង់បុគ្គលដោយលំដាប់ ។ ពិតហើយ បឋមវ័យ រមែង លះបង់បុគ្គលដែលឋិតនៅក្នុងមជ្ឈិមវ័យ បឋមវ័យ និងមជ្ឈិមវ័យទាំងពីរ រមែងលះបង់បុគ្គលដែលឋិតនៅក្នុងបច្ឆិមវ័យ បុន្តែ ក្នុងខណៈនៃសេចក្តីស្លាប់ សូម្បីវ័យទាំង ៣ ក៏ត្រូវលះបង់បុគ្គលទៅ ។