អដ្ឋកថា គតិច្ឆិន្ទិសូត្រទី ៥
គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៥ តទៅ បទថា កតិ ឆិន្ទេ បានដល់ បុគ្គលកាលកាត់ គួរកាត់បង់ធម៌បុន្មាន ។ សូម្បីក្នុងបទដែលនៅ សេសសល់ ក៏ន័យនេះដូចគ្នា ។ បាឋៈថា ឆិន្ទេ ជហេ ក៏មាន ដោយអត្ថ ដូចគ្នានោះឯង ។ ទេវតានេះ កាលវៀរពាក្យដែលច្រំដែល ដើម្បីជាប្រយោជន៍ដល់ការចងគាថា ទើបពោលយ៉ាងនេះ ។ បទថា កតិ សង្គាតិតោ ប្រែថា កន្លងបង់ធម៌ជាគ្រឿងជាប់ជំពាក់បុន្មាន ។ ព្រះបាលីថា សង្គាតិកោ ក៏មាន ឯសេចក្តីដូចគ្នានោះឯង ។ បទថា បញ្ច ឆិន្ទេ បានដល់ កាលកាត់ឱរម្ភាគិយសំយោជនៈ ៥ យ៉ាង ។ បទថា បញ្ច ជហេ បានដល់ កាលលះបង់ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង ការកាត់ និងការលះ ក្នុងទីនេះ កាល ពោលដោយអត្ថ ក៏មានន័យតែមួយ តែព្រះមានព្រះភាគ ត្រាស់យ៉ាងនេះ ក៏ព្រោះឲ្យសមតាមពាក្យដែលទេវតាអាងមក ។ ម្យ៉ាងទៀត ព្រះមានព្រះភាគរមែងត្រាស់ថា ឱរម្ភាគិយសំយោជនៈ ៥ ជាគ្រឿងទាញទម្លាក់ទៅខាងក្រោម ដូចដុំថ្មដែលគេចង គប្បីកាត់សំយោជនៈ នោះបាន ដោយអនាគាមិមគ្គ ដូច្នេះ និងត្រាស់ថា ឧទ្ធម្ភាគិយសំយោជនៈ ៥ ដែលអូសទាញទៅខាងលើ ដូចមែកឈើដែលបុគ្គលយកដៃកាន់ គប្បីលះ សំយោជនៈនោះបានដោយអរហត្តមគ្គ ដូច្នេះ ។ បទថា បញ្ច វុត្តរិ ភាវយេ សេចក្តីថា កាលចម្រើនគុណវិសេសឲ្យក្រៃលែងឡើង គឺឲ្យច្រើន ដើម្បីកាត់ និងដើម្បីលះសំយោជនៈទាំងនោះ គួរអប់រំឥន្ទ្រិយទាំងឡាយ មានសទ្ធាជា គម្រប់ ៥ ។ បទថា បញ្ចសង្គាតិតោ សេចក្តីថា កន្លងបង់នូវធម៌ជាគ្រឿង ជាប់ជំពាក់ ៥ យ៉ាង គ្រឿងជាប់ជំពាក់ គឺរាគៈ គ្រឿងជាប់ជំពាក់ គឺទោសៈ គ្រឿងជាប់ជំពាក់ គឺមោហៈ គ្រឿងជាប់ជំពាក់ គឺមានះ គ្រឿងជាប់ជំពាក់ គឺ ទិដ្ឋិ ។