ជាគរសូត្រទី ៦
ក្បាលទី 19 · ទំព័រ 66
លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា ធម៌ជាគ្រឿងលក់របស់ពួកបុគ្គល ដែលកំពុងភ្ញាក់ មានបុន្មាន ធម៌ជាគ្រឿងភ្ញាក់ ក្នុងពួកបុគ្គលដែលលក់ មានបុន្មាន បុគ្គលប្រឡាក់ធូលី គឺកិលេស ព្រោះធម៌ បុន្មាន បុគ្គលស្អាតបាន ព្រោះធម៌បុន្មាន ។ ព្រះមានព្រះភាគត្រាស់តបថា នីវរណៈទាំង ៥ ជាគ្រឿងលក់របស់ពួកបុគ្គលដែលកំពុងភ្ញាក់ ឥន្ទ្រិយ ទាំង ៥ ជាគ្រឿងភ្ញាក់ក្នុងពួកបុគ្គលដែលលក់ បុគ្គល តែងប្រឡាក់ធូលីព្រោះនីវរណធម៌ ៥ តែងស្អាត ព្រោះ ឥន្ទ្រិយ ៥ ។