អដ្ឋកថា ជាគរសូត្រទី ៦

ក្បាលទី 19 · ទំព័រ 67

គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៦ តទៅ បទថា ជាគរតំ ប្រែ ថា កំពុងភ្ញាក់ ។ បទថា បញ្ច ជាគរតំ អធិប្បាយថា កាលពោលដោយ គាថាដែលវិស្សជ្ជនា កាលឥន្ទ្រិយ ៥ មានសទ្ធាជាដើមកំពុងភ្ញាក់ នីវរណៈ ៥ ក៏ឈ្មោះថា ដេកលក់ ព្រោះហេតុអ្វី ព្រោះថា បុគ្គលដែលដល់ព្រម ដោយនីវរណៈ ៥ នោះ អង្គុយក្តី ឈរក្តី សូម្បីដេករហូតដល់ថ្ងៃរះក្តី ក្នុង ទីណានីមួយ រមែងជាអ្នកឈ្មោះថា ដេកលក់ហើយ ព្រោះសេចក្តីប្រមាទ គឺព្រោះភាពជាអ្នកដល់ព្រមដោយអកុសល កាលនីវរណៈ ៥ នេះដេកលក់ ហើយយ៉ាងនេះ ទើបឥន្ទ្រិយ ៥ ឈ្មោះថា កំពុងភ្ញាក់ ព្រោះហេតុអ្វី ។ ព្រោះថា បុគ្គលដែលដល់ព្រមដោយឥន្ទ្រិយ ៥ មានសទ្ធាជាដើមនោះ សូម្បីដេកលក់ក្នុងទីណាមួយ ក៏ឈ្មោះថា ជាអ្នកកំពុងភ្ញាក់ ព្រោះសេចក្តីមិន ប្រមាទ គឺព្រោះភាពជាអ្នកដល់ព្រមដោយកុសល ។ បុគ្គលរមែងកាន់យក រមែងកាន់ រមែងប្រកាន់មាំនូវធូលី គឺកិលេសដោយនីវរណៈ ៥ នោះឯង ។ គប្បីជ្រាបសេចក្តីនេះថា នីវរណៈទាំងឡាយ មានកាមច្ឆន្ទៈជាដើម ដែលកើតមុន រមែងជាបច្ច័យដល់កាមច្ឆន្ទៈជាដើមដែលកើតឡើងខាងក្រោយ ដូច្នេះជាដើម ទើបឈ្មោះថា បុគ្គលរមែងបរិសុទ្ធដោយឥន្ទ្រិយ ៥ ដូច្នេះ ។ សូម្បីក្នុងទីនេះ លោកពោលឥន្ទ្រិយ ៥ ទាំងជាលោកិយ ទាំងជាលោកុត្តរ ដូច្នេះឯង ។