អដ្ឋកថា មានកាមសូត្រទី ៩
ក្បាលទី 19 · ទំព័រ 74
គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៩ តទៅ បទថា មានកាមស្ស បានដល់ បុគ្គលកាលប្រាថ្នា គឺកាលចង់បាននូវមានះ ។ បទថា ទមោ អធិប្បាយថា ទេវតារមែងពោលថា ទមៈ ដែលប្រព្រឹត្តទៅក្នុង ចំណែកនៃសមាធិ រមែងមិនមានដល់បុគ្គល មានសភាពយ៉ាងនេះ ។ ទម សព្ទ មកដោយអត្ថច្រើនយ៉ាង គឺមកក្នុងអត្ថថា សង្រួមឥន្ទ្រិយ ដូចក្នុង ប្រយោគជាដើមថា សច្ចេន ទន្តោ ទមសា ឧបេតោ វេទន្តគូ វុសិតព្រហ្មចរិយោ បុគ្គលណា បានទូន្មានខ្លួនដោយបរមត្ថសច្ច ប្រកបដោយការទូន្មាន ឥន្ទ្រិយ ជាអ្នកដល់នូវមគ្គញ្ញាណទី ៤ ជាទីបំផុតនៃវេទ បានប្រព្រឹត្តមគ្គព្រហ្មចរិយៈចប់ហើយ ។