អរញ្ញសូត្រទី ១០

ក្បាលទី 19 · ទំព័រ 78

លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា សួរព្រះមានព្រះភាគថា ពួកភិក្ខុជាព្រហ្មចារី នៅក្នុងព្រៃ មានចិត្តស្ងប់រម្ងាប់ ឆាន់អាហារតែម្តង ហេតុអ្វី បានជាពណ៌សម្បុរកាយ នៅតែផូរផង់បាន ។ ព្រះមានព្រះភាគត្រាស់តបថា ពួកភិក្ខុនោះ មិនសោកស្តាយរបស់ ដែលកន្លងទៅហើយ ទាំងមិន ប្រាថ្នារបស់ដែលមិនទាន់មកដល់ គ្រាន់តែចិញ្ចឹមជីវិត ដោយរបស់ជាបច្ចុប្បន្ន ហេតុនោះ បានជាពណ៌សម្បុរ កាយនៅតែផូរផង់បាន ពួកជនពាល តែងស្រពោន ស្រពាប់ ដោយហេតុទាំងពីរនោះ ព្រោះសេចក្តីប្រាថ្នា នូវរបស់ដែលមិនទាន់មកដល់ និងសេចក្តីអាឡោះអាល័យ ចំពោះរបស់ដែលកន្លងទៅហើយ ដូចដើម បបុសខៀវស្រស់ ដែលត្រូវគេច្រូតចោល ។ ឧទ្ទាននៃនឡវគ្គនោះ គឺ ឱឃតរណសូត្រ ១ និមោក្ខសូត្រ ១ ឧបនេយ្យសូត្រ ១ អច្ចេន្តិសូត្រ ១ កតិច្ឆិន្ទិសូត្រ ១ ជាគរសូត្រ ១ អប្បដិវិទិតសូត្រ ១ សុសម្មុដ្ឋសូត្រ ១ មានកាមសូត្រ ១ ជាគម្រប់ ១០ និងអរញ្ញសូត្រ ១ ព្រះមានព្រះភាគ ទ្រង់សម្តែងហើយ លោកចាត់ជា ១ វគ្គ ដោយ ហេតុនោះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ១០ តទៅ បទថា សន្តានំ បានដល់ អ្នកមានកិលេសស្ងប់រម្ងាប់ហើយ ម្យ៉ាងទៀត បានដល់បណ្ឌិត ។ សូម្បីបណ្ឌិត លោកក៏ហៅថា សប្បុរស ដូចក្នុងពាក្យជាដើមថា សន្តោ ហវេ សព្ភិ បវេទយន្តិ ទូរេ សន្តោ បកាសេន្តិ ដូច្នេះក៏មាន ។ បទថា ព្រហ្មចារិនំ ប្រែថា អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ គឺអ្នកប្រព្រឹត្តមគ្គព្រហ្មចរិយៈ ។ ច្រើនបទថា កេន វណ្ណោ បសីទតិ សេចក្តីថា ទេវតាទូលសួរថា ពណ៌សម្បុរកាយ របស់ភិក្ខុអ្នកនៅក្នុងព្រៃ ហេតុអ្វី បានជានៅតែផូរផង់បាន ។ សួរថា ហេតុ អ្វី បានជាទេវតានេះទូលសួរយ៉ាងនេះ ឆ្លើយថា បានឮថា ទេវតានេះជា ភុម្មទេវតាអា