នន្ទនសូត្រទី ១

ក្បាលទី 19 · ទំព័រ 83

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួល ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានទេវតាមួយអង្គ ជាពួកទេវតាជាន់តាវត្តិង្ស មានពួកស្រី អប្សរចោមរោម ឆ្អែតស្កប់ស្កល់ មូលមិត្ត បម្រើដោយកាមគុណទាំង ៥ ដ៏ ជាទិព្វ ក្នុងនន្ទវនឱទ្យាន បានពោលគាថានេះ ក្នុងវេលានោះថា ពួកជនណា មិនបានឃើញនន្ទនវនឱទ្យាន ដែលជាទីនៅ របស់ពួកនរទេវតា នៅក្នុងឋានត្រៃត្រិង្ស មានយស សក្តិ ពួកជននោះ ឈ្មោះថា មិនស្គាល់ច្បាស់នូវ សេចក្តីសុខទេ ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ពោលយ៉ាងនេះហើយ មានទេវតាមួយអង្គទៀត ( ជាអរិយសាវិកា ) ពោលគាថាតបនឹងទេវតានោះ វិញថា ម្នាលទេវតាពាល អ្នកឯងមិនបានដឹងច្បាស់នូវពាក្យ របស់ព្រះអរហន្តទាំងឡាយថា សង្ខារទាំងពួង មិន ទៀងទេ មានកិរិយាកើតឡើង និងកិរិយារលត់ទៅវិញ ជាធម្មតា កើតឡើងហើយ តែងរលត់ទៅវិញ លុះតែ រម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ ។