អដ្ឋកថា នន្ទិសូត្រទី ២
គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ២ តទៅ បទថា នន្ទតិ ប្រែ ថា រមែងត្រេកអរ គឺរមែងមានចិត្តជារបស់ខ្លួន ។ បទថា បុត្តិមា បានដល់ អ្នកមានកូនច្រើន ។ ពិតហើយ កូនទាំងឡាយ ពួកខ្លះធ្វើស្រែហើយ រមែង ធ្វើជង្រុកឲ្យពេញដោយស្រូវ ពួកខ្លះធ្វើជំនួញ នាំមាស និងប្រាក់មក ពួកខ្លះ បម្រើព្រះរាជា រមែងបានវត្ថុទាំងឡាយ មានយាន ពាហនៈ ស្រុក និងនិគម ជាដើម ។ មាតា ឬបិតា កាលសេពសិរីដែលកើតឡើងដោយអានុភាពនៃ កូនទាំងនោះ ក៏រមែងត្រេកអរ ។ ម្យ៉ាងទៀត មាតា ឬបិតាឃើញកូនទាំងឡាយ ដែលគេតាក់តែងស្អិតស្អាង ធ្វើឲ្យកើតសេចក្តីត្រេកអរ សេពនូវ សម្បត្តិក្នុងថ្ងៃរីករាយជាដើម រមែងត្រេកអរ ដោយហេតុនោះ ទេវតាសំដៅ យកការប្រព្រឹត្តទៅនោះ ទើបពោលថា នន្ទតិ បុត្តេហិ បុត្តិមា ប្រែថា អ្នក មានកូន រមែងត្រេកអរ នឹងកូនទាំងឡាយ ដូច្នេះ ។ បទថា គោហិ តថេវ សេចក្តីថា អ្នកមានកូន រមែងត្រេកអរនឹងកូន យ៉ាងណា សូម្បីអ្នកមានគោ ក៏យ៉ាងនោះ អ្នកមានគោ ឃើញទីលាននៃគោបរិបូណ៌ហើយ ព្រោះអាស្រ័យ គោទាំងឡាយ សេពសម្បត្តិ គឺបញ្ចគោរស ទើបឈ្មោះថា រមែងត្រេកអរ ព្រោះគោទាំងឡាយ ។ បទថា ឧបធិ ក្នុងបទថា ឧបធីហិ នរស្ស នន្ទនា នេះ បានដល់ ឧបធិ ៤ យ៉ាង គឺកាមូបធិ ( ឧបធិគឺកាម ) ខន្ធូបធិ ( ឧបធិ គឺខន្ធ ) កិលេសូបធិ ( ឧបធិ គឺកិលេស ) និងអភិសង្ខារូបធិ ( ឧបធិ គឺអភិសង្ខារ ) ។ ពិតហើយ សូម្បីកាមទាំងឡាយ ព្រះមានព្រះភាគក៏ត្រាស់ហៅថា ឧបធិ ព្រោះវចនត្ថៈនេះថា សេចក្តីសុខដែលបុគ្គលចូលទៅតាំងទុកក្នុងកាមគុណនេះ ព្រោះការដែលកាមទាំងនេះ ជាទីអាស្រ័យនៅនៃសេចក្តីសុខ ដូចដែលទ្រង់ ត្រាស់ក្នុងមហាទុក្ខក្ខន្ធសូត្រយ៉ាងនេះថា សេចក្តីសុខសោមនស្ស កើតឡើង ព្រោះអាស្រ័យកាមគុណ ៥ ប