អដ្ឋកថា កុដិកាសូត្រទី ៩
គប្បីវិនិច្ឆ័យក្នុងកុដិកាសូត្រទី ៩ ដូច្នេះតទៅ បទថា កច្ចិ តេ កុដិកា ជាដើម អធិប្បាយថា ទេវតានេះប្រមូលបញ្ញាទាំងនេះមកចង ជាគាថា ដោយធ្វើមាតាឲ្យដូចជាខ្ទម ព្រោះសំដៅដល់ការដេកនៅក្នុងផ្ទៃ ១០ ខែ ធ្វើភរិយាឲ្យដូចជាសម្បុក ដោយអំណាចនៃសេចក្តីអាល័យ ដូចហ្វូងបក្សី ស្វែងរកចំណីពេញមួយថ្ងៃហើយ ក៏មកទំនៅក្នុងសម្បុកក្នុងវេលារាត្រី យ៉ាងណា សត្វទាំងឡាយ ក៏យ៉ាងនោះដូចគ្នា សូម្បីនឹងទៅក្នុងទីទាំងនោះហើយ រមែងមកកាន់សម្នាក់នៃមាតុគ្រាម ធ្វើបុត្រទាំងឡាយឲ្យដូចជាតំណវង្ស ព្រោះ សំដៅដល់តំណនៃវង្សត្រកូល និងប្រពៃណីហើយ ទើបទូលសួរនឹងព្រះមាន ព្រះភាគ ។ ព្រះមានព្រះភាគ កាលទ្រង់វិស្សជ្ជនាបញ្ញាដល់ទេវតានោះ ទើបត្រាស់បទថា តគ្ឃ ជាដើម ប្រែថា អើ ខ្ទមរបស់តថាគតគ្មានសោះទេ អើ សម្បុកក៏គ្មានសោះទេ អើ តំណវង្សក៏គ្មានសោះដែរ អើ តថាគតរួច ចាកចំណងជាប្រាកដហើយ ។ បណ្តាបទទាំងនោះ បទថា តគ្ឃ ជានិបាត ក្នុងពាក្យដោយចំណែក មួយ ។ បទថា នត្ថិ បានដល់ លះបានហើយ ព្រោះការដែលតថាគតជា បព្វជិត ម្យ៉ាងទៀត ឈ្មោះថា មិនមាន ព្រោះមិនមានការនៅក្នុងគភ៌របស់ មាតាក្នុងវដ្តៈទៀត មិនមានការចិញ្ចឹមភរិយា មិនមានការកើតឡើងនៃបុត្រ ។ ទេវតាត្រិះរិះថា បញ្ញាដែលមិនទាន់បើកបង្ញាញដែលអញបាន ចងមកហើយទូលសួរ សមណៈនេះក៏វិស្សជ្ជនាបញ្ញាត្រឹមតែអញសួរហើយ តែម្យ៉ាង ទ្រង់ជ្រាបនូវអធ្យាស្រ័យរបស់អញឬទេហ្ន៎ ទើបត្រាស់ឆ្លើយហើយ ឬថា ទ្រង់មិនជ្រាបពាក្យណាមួយ ត្រាស់ហើយត្រឹមតែពាក្យរត់មាត់ ដូច្នេះ ទើបពោលពាក្យថា កិន្តាហំ ជាដើមទៀត ។ បណ្តាបទទាំងនោះ បទថា កិន្តាហំ កែជា កឹ តេ អហំ ប្រែថា ចុះខ្ញុំពោលសំដៅអ្វី ។