សមិទ្ធិសូត្រទី ១០

ក្បាលទី 19 · ទំព័រ 115

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ចូលទៅឯស្ទឹងតបោទា ដើម្បីស្រោច ស្រពខ្លួន លុះស្រោចស្រពខ្លួនក្នុងអន្លង់ ដែលមានទឹកក្តៅរួចហើយឡើងមក មានតែចីវរ ១ ឈរសំដិលខ្លួន ។ លុះរាត្រីបឋមយាមកន្លងហើយ កាលនោះ ទេវតា ១ អង្គ មានរស្មីដ៏រុងរឿង ញ៉ាំងស្ទឹងតបោទាទាំងមូលឲ្យរុងរឿង ហើយចូលទៅរក ព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ឋិតនៅនាអាកាស ពោល គាថា នឹងព្រះសមិទ្ធិមានអាយុថា នែភិក្ខុ លោកមិននៅបរិភោគ ( កាមគុណ ) មកដើរ បិណ្ឌបាត ម្តេចក៏លោកមិនបរិភោគ ហើយសឹមត្រាច់ បិណ្ឌបាត នែភិក្ខុ ចូរលោកបរិភោគកាមហើយ សឹម ត្រាច់បិណ្ឌបាតចុះ កុំឲ្យកាល ( នៅក្មេង ) កន្លងហួស លោកឡើយ ។ អាត្មាមិនដឹងកាល ( ដែលត្រូវស្លាប់ ) ទេ ព្រោះកាល ( ត្រូវស្លាប់ ) កំបាំងជិតមិនប្រាកដសោះ ហេតុនោះ បានជាអាត្មា មិននៅបរិភោគកាម មកត្រាច់ បិណ្ឌបាត កុំឲ្យកាល ( ធ្វើសមណធម៌ ) កន្លងហួស អាត្មាឡើយ ។ គ្រានោះឯង ទេវតាអង្គនោះ ត្រឡប់មកឈរលើប្រឹថពីវិញ ហើយនិយាយនឹងព្រះសមិទ្ធិមានអាយុយ៉ាងនេះថា នែភិក្ខុ លោកនៅកំលោះ មកបួសទាំងនៅក្មេងកំពុងមានសក់ខ្មៅស្រិល ទើបតែពេញវ័យ កំពុងចម្រើន គឺបឋមវ័យ មិនទាន់បានលេងក្នុងកាមទាំងឡាយឡើយ នែភិក្ខុ ចូរលោក បរិភោគកាម ជារបស់មនុស្សវិញ លោកកុំលះបង់នូវសន្ទិដ្ឋិកកាម ហើយ ស្ទុះទៅរកកាលិកកាមឡើយ ។