អដ្ឋកថា សមិទ្ធិសូត្រទី ១០
គប្បីជ្រាបវិនិច្ឆ័យក្នុងសមិទ្ធិសូត្រទី ១០ ដូច្នេះតទៅ បទថា តបេទារាមេ គឺវត្តមានឈ្មោះដែលបានហើយយ៉ាងនេះ ព្រោះអន្លង់ទឹកជ្រៅ មានទឹកក្តៅ ឈ្មោះថា តបេទា ។ បានឮថា ភពរបស់នាគតាំងនៅត្រង់ផែនដីខាងក្រោមភ្នំវេភារៈ មាន បរិមណ្ឌលប្រមាណ ៥០០ យោជន៍ ដូចជាទេវលោក ដែលមានផ្ទៃសម្រេច ហើយដោយកែវមណី និងប្រកបដោយឧទ្យាន ដ៏ជាទីរីករាយ ក្នុងទីនោះ មាន អន្លង់ទឹកធំសម្រាប់ជាទីលេងរបស់ពួកនាគ ។ ស្ទឹងឈ្មោះតបោទានេះ ជា ទឹកក្តៅហូរមកអំពីអន្លង់ទឹកធំនោះ ។ សួរថា ព្រោះហេតុអ្វី ទើបជាដូច្នេះ ឆ្លើយថា បានឮថា លោក ( គឺជា ទីនៅអាស្រ័យ ) របស់ប្រេតជាច្រើនជុំវិញក្រុងរាជគ្រឹះ ។ ក្នុងទីនោះ ស្ទឹង តបោទានេះរមែងមកក្នុងចន្លោះនៃនរក ឈ្មោះថា មហាលោហកុម្ភីទាំង ២ ព្រោះហេតុនោះ ទើបស្ទឹងតបោទានេះ មានទឹកក្តៅហូរមក ។ សមដូចព្រះមានព្រះភាគត្រាស់ត្រាស់ក្នុងវិនយបិដក ឧត្តរិមនុស្សធម្មសិក្ខាបទថា ម្នាលភិក្ខុទាំងឡាយ ស្ទឹងតបោទានេះ ហូរមកអំពីអន្លង់ទឹកណា អន្លង់នោះ មានទឹកថ្លា ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អ គួរជាទី រីករាយ មានត្រី និងអណ្តើកដ៏ច្រើន មានទាំងផ្កាឈូកប៉ុនៗ កង់ ( នៃរថ ) រីកស្គុសស្គាយ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែ ស្ទឹងតបោទានេះ មកតាមចន្លោះ នៃមហានរកទាំងពីរ ព្រោះហេតុនោះ បានជាស្ទឹងតបោទានេះ មានទឹកក្តៅហូរ មក ដូច្នេះ ។ ក្នុងទីខាងមុខរបស់វត្តនេះ មានអន្លង់ទឹកធំកើតឡើងអំពីស្ទឹង តបោទានោះ ទើបវិហារនេះ លោកហៅថា តបេទារាម ព្រោះស្ទឹងនោះ ។ បទថា សមិទ្ធិ សេចក្តីថា បានឮថា អត្តភាពរបស់ព្រះថេរៈសម្រេចហើយ ( ដោយផលកម្ម ) មានរូបល្អ គួរជ្រះថ្លា ព្រោះហេតុនោះ ទើបប្រាកដនាម បញ្ញត្តិថា សមិទ្ធិ នោះឯង