អដ្ឋកថា បជ្ជោតសូត្រទី ៦

ក្បាលទី 19 · ទំព័រ 164

គប្បីជ្រាបវិនិច្ឆ័យក្នុងបជ្ជោតសូត្រទី ៦ តទៅ បទថា បុដ្ឋំ កែជា បុច្ឆិតំ ប្រែថា ដើម្បីទូលសួរ ។ បទថា កថំ ជានេមុ កែជា កថំ ជានេយ្យាម ប្រែថា តើដូចម្តេចហ្ន៎ យើងខ្ញុំនឹងដឹង ។ ព្រះមានព្រះភាគទ្រង់ត្រាស់តបថា ពន្លឺ ក្នុងលោកនេះ មាន ៤ យ៉ាង មិនមានដល់ ៥ ទេ ព្រះអាទិត្យ រមែងភ្លឺបាន ក្នុងវេលាថ្ងៃ ព្រះចន្រ្ទភ្លឺបាន ក្នុងវេលាយប់ ភ្លើងភ្លឺបានទាំងថ្ងៃ ទាំងយប់គ្រប់វេលា ព្រះសម្ពុទ្ធ ប្រសើរជាងពួកដែលមានពន្លឺរុងរឿង នេះ ជាពន្លឺប្រសើរបំផុត ។ បទថា ទិវារត្តឹ ប្រែថា ថ្ងៃ និងយប់ ។ បទថា តត្ថ តត្ថ ប្រែថា គ្រប់កន្លែង គឺភ្លឺក្នុងទីទាំងនោះឯង ។ បទថា ឯសា អាភា ប្រែថា ពន្លឺរបស់ព្រះពុទ្ធនេះ ។ សួរថា ពន្លឺរបស់ព្រះពុទ្ធនេះ ដូចម្តេច ឆ្លើយថា ពន្លឺ ទាំងពួងនេះ ពន្លឺ គឺឈានក៏ដោយ ពន្លឺ គឺបីតិក៏ដោយ ពន្លឺ គឺបសាទក៏ដោយ ពន្លឺ គឺធម្មកថាក៏ដោយ ចូរលើកទុកចុះ ពន្លឺដែលកើតឡើង ព្រោះការប្រាកដ នៃព្រះពុទ្ធទាំងឡាយ ឈ្មោះថា ពន្លឺនៃព្រះពុទ្ធ ពន្លឺនេះបុណ្ណោះប្រសើរជាង ពន្លឺទាំងអស់ មិនមានពន្លឺដទៃប្រៀបបាន ដូច្នេះឯង ។