អដ្ឋកថា មហន្ធនសូត្រទី ៨
គប្បីជ្រាបវិនិច្ឆ័យក្នុងមហទ្ធនសូត្រទី ៨ តទៅ បុគ្គល ឈ្មោះថា មានទ្រព្យច្រើន ព្រោះអត្ថថា ទ្រព្យរបស់បុគ្គលនោះដ៏មានសារៈ មានកែវមុក្តាជាដើមមានច្រើន ។ បុគ្គលមានភោគៈច្រើន ( សម្បត្តិច្រើន ) ព្រោះអត្ថថា បុគ្គលនោះ មានមហាភោគៈដែលជាភាជនៈធ្វើដោយមាស និង ប្រាក់ជាដើមច្រើន ។ បទថា អញ្ញមញ្ញាភិគិជ្ឈន្តិ ប្រែថា តែងប្រាថ្នារបស់ ដទៃៗ ទៀត គឺរមែងប្រាថ្នា រមែងច្រណែននូវគ្នានិងគ្នា ។ បទថា អនលង្កតា ប្រែថា ក៏នៅតែមិនចេះឆ្អែត គឺមិនចេះឆ្អែត មានការចង់បានមិនមាន ទីបំផុត ។ បទថា ឧស្សុក្កជាតេសុ ប្រែថា កើតសេចក្តីខ្វល់ខ្វាយ គឺព្យាយាម ដើម្បីវត្ថុដែលពេញចិត្តទាំងឡាយ មានរូបជាដើមដែលនៅមិនទាន់កើតឡើង ឲ្យកើតឡើង ក្នុងបណ្តាវត្ថុដែលពេញចិត្តមានលក្ខណៈផ្សេងៗ ដើម្បីសោយ វត្ថុដែលកើតឡើង ។ បទថា ភវសោតានុសារិសុ ប្រែថា រសាត់ទៅតាមខ្សែនៃភព បាន ដល់ រសាត់ទៅតាមខ្សែនៃវដ្តៈ ។ បទថា អនុស្សុកា ប្រែថា អស់សេចក្តី ខ្វល់ខ្វាយ បានដល់ ព្រោះមិនមានវត្ថុបៀតបៀន ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ជនពួកណា លះបង់ផ្ទះ លះបង់បុត្រ លះបង់សត្វចិញ្ចឹមជាទីស្រឡាញ់ ហើយបួស បាន កម្ចាត់បង់នូវរាគៈផង ទោសៈផង អវិជ្ជាផង អស់អាសវៈ ជាអរហន្ត ទើប ជនពួកនោះ ឈ្មោះថា អស់សេចក្តីខ្វល់ខ្វាយក្នុងលោក ។ បទថា អគារំ ប្រែថា ផ្ទះ បានដល់ ផ្ទះ ព្រមទាំងមាតុគ្រាម ។ បទថា វិរាជិយា ប្រែថា កម្ចាត់បង់ហើយ បានដល់ ទម្លាយហើយ ។ ពាក្យ ដ៏សេស ងាយយល់ទាំងអស់ហើយ ។