អដ្ឋកថា ចតុចក្កសូត្រទី ៩

ក្បាលទី 19 · ទំព័រ 171

គប្បីជ្រាបវិនិច្ឆ័យក្នុងចតុច្ចក្កសូត្រទី ៩ តទៅ បទថា ចតុច្ចក្កំ ប្រែថា មានចក្ក ៤ បានដល់ ឥរិយាបថ ៤ ព្រោះក្នុងទីនេះ ឥរិយាបថ លោកហៅថា ចក្ក ។ បទថា នវទ្វារំ ប្រែថា មានទ្វារ ៩ បាន ដល់ ទ្វារ ៩ ដែលមានមុខដំបៅ ៩ កន្លែង ។ បទថា បុណ្ណំ ប្រែថា ពេញ ដោយអសុចិ គឺពេញទៅដោយរបស់មិនស្អាត ។ បទថា លោភេន សំយុត្តំ ប្រែថា ប្រកបដោយសេចក្តីលោភ គឺប្រកបដោយតណ្ហា ។ បទថា កថំ យាត្រា ភវិស្សតិ នេះ ទេវតារមែងទូលសួរថា ការចេញ ( ចាកទុក្ខ ) នៃសរីរៈនេះ មានសភាពយ៉ាងនេះ តើនឹងមានយ៉ាងដូចម្តេច គឺថា ការរួច ការរួចផុត ការឈានកន្លងយ៉ាងល្អ នឹងមានយ៉ាងដូចម្តេច ដូច្នេះ ។ ព្រះដ៏មានព្រះភាគ ត្រាស់តបថា ឆេត្វា នទ្ធឹ វរត្តញ្ច ឥច្ឆាលោភញ្ច បបកំ សមូលំ តណ្ហំ អព្វុយ្ហ ឯវំ យាត្រា ភវិស្សតិ ។ បុគ្គលត្រូវកាត់នូវកូនកំព្រាផង ព្រ័ត្រផង សេចក្តីប្រាថ្នា និង លោភៈដ៏លាមកផង ហើយដកតណ្ហាឲ្យរលើងទាំងឫស ត្រូវ យាត្រាតាមលំអាននេះឯង ។ បទថា នទ្ធឹ ប្រែថា ការចងសេចក្តីក្រោធ អធិប្បាយថា សេចក្តី ក្រោធ ក្នុងកាលមុន ការចងគំនុំមានក្នុងកាលខាងក្រោយ សេចក្តីក្រោធមាន កម្លាំង ប្រព្រឹត្តទៅហើយយ៉ាងនេះ ទើបឈ្មោះថា ការចងសេចក្តីក្រោធ ។ បទថា វរត្តំ ប្រែថា កិលេសជាគ្រឿងចង ( ព្រ័ត្រ ) បានដល់ កាត់បង់ នូវសេចក្តីក្រោធ និងកិលេសជាគ្រឿងចង ។ ការជាប់ទាក់ទងគ្នានៃតណ្ហា និងទិដ្ឋិ លោកពោលក្នុងគាថាថា សន្ធានំ សហនុក្កមំ តែក្នុងទីនេះ វៀរលែង កិលេសដែលលោកអធិប្បាយក្នុងព្រះបាលីហើយ កិលេសដ៏សេស គប្បីជ្រាបថា ជាគ្រឿងចង ព្រោះហេតុនោះ ទើបព្រះអង្គត្រាស់ថា កាត់ កិលេសជាគ្រឿងចង ដូច្នេះ ។