នសន្តិសូត្រទី ៤
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងហើយ ពួកសតុល្លប្បកាយិកាទេវតា មានប្រមាណច្រើនអង្គ មាន រស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង នាំគ្នាចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយឈរក្នុង ទីដ៏សមគួរ ។ ទេវតាមួយអង្គ ឈរក្នុងទីសមគួរហើយ ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា កាមទាំងឡាយ ក្នុងពួកមនុស្សរកទៀងគ្មានទេ បុរស ដែលជាប់ចំពាក់ ក្នុងឥដ្ឋារម្មណ៍ទាំងឡាយ ស្រវឹងក្នុង ឥដ្ឋារម្មណ៍ទាំងឡាយ ចេញចាកវដ្តៈ ដែលជាលំនៅនៃ មារ ទៅកាន់ព្រះនិព្វាន ជាស្ថានមិនត្រឡប់មកវិញទៀត មិនបានទេ ឥដ្ឋារម្មណ៍ទាំងនោះ រមែងមានក្នុងលោក នេះ ។ បញ្ចក្ខន្ធកើតអំពីតណ្ហា សេចក្តីទុក្ខក៏កើតអំពី តណ្ហា ការកម្ចាត់បង់បញ្ចក្ខន្ធ ព្រោះកម្ចាត់បង់តណ្ហា បាន ការកម្ចាត់បង់វដ្តទុក្ខ ក៏ព្រោះកម្ចាត់បង់បញ្ចក្ខន្ធ បាន ។ អារម្មណ៍ដ៏វិចិត្រទាំងឡាយក្នុងលោក ហៅថា កាមនោះ មិនបានទេ តម្រេកដែលបុគ្គលត្រិះរិះ ទើប ហៅថា កាមរបស់បុរស អារម្មណ៍ដ៏វិចិត្រទាំងឡាយ តែងឋិតនៅក្នុងលោក តាមធម្មតា តែថា ពួកអ្នកប្រាជ តែងកម្ចាត់បង់នូវសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ទាំងនុ៎ះ ។ បុគ្គល ត្រូវលះបង់សេចក្តីក្រោធ ត្រូវរំសាយសេចក្តី ប្រកាន់ ត្រូវឆ្លងឲ្យផុតសញ្ញោជនៈទាំងអស់ ព្រោះថា ទុក្ខទាំងឡាយ មិនធ្លាក់លើបុគ្គលដែលមិនជាប់ចំពាក់ ក្នុងនាមរូប ជាអ្នកឥតមានកង្វល់នោះទេ ។