អដ្ឋកថា ឧជ្ឈានសញ្ញិសូត្រទី ៥

ក្បាលទី 19 · ទំព័រ 222

គប្បីជ្រាបវិនិច្ឆ័យក្នុងឧជ្ឈានសញ្ញិសូត្រទី ៥ ដូច្នេះតទៅ បទថា ឧជ្ឈានសញ្ញិកា ប្រែថា ជាអ្នកមានសេចក្តីសម្គាល់ក្នុងការសំឡឹង ទោស អធិប្បាយថា ទេវលោក ឈ្មោះថា ឧជ្ឈានសញ្ញី ដែលផ្សេងអំពី ទេវលោកដទៃនោះមិនមានទេ ក៏បុន្តែ ទេវតាទាំងនេះអាស្រ័យនូវការបរិភោគ បច្ច័យ ៤ របស់ព្រះតថាគត ហើយមកពោលទោស ។ បានឮថា ទេវតានោះ មានគំនិតយ៉ាងនេះថា ព្រះសមណគោតមគប្បីពោលល្បួងឲ្យមានការសន្តោស ដោយបង្សុកូលចីវរ ដោយដុំបាយ ដែលបានមកដោយការត្រាច់ទៅបិណ្ឌបាត ដោយការនៅក្នុងរុក្ខមូលសេនាសនៈ ដោយថ្នាំត្រាំដោយទឹកមូត្រគោ និងតែង ពោលសរសើរបុគ្គល អ្នកញ៉ាំងកិច្ចនោះ ឲ្យសម្រេចកិច្ចជាទីបំផុត តែព្រះអង្គ ឯង ទ្រទ្រង់ចីវរដ៏ប្រណីតមានសំពត់ខោមពស្រ្ត មានសាច់ហ្មត់ល្អជាដើម រមែងសោយភោជនដ៏ប្រសើរ ដែលសមគួរដល់ព្រះរាជា រមែងផ្ទំលើសយ្យាសន៍ ដ៏ប្រសើរ ក្នុងព្រះគន្ធកុដិដែលគួរជាវិមានរបស់ទេវតា រមែងសោយភេសជ្ជៈ ទាំងឡាយ មានទឹកដោះថ្លាជាដើម តែងសម្តែងធម៌ដល់មហាជនក្នុងវេលាថ្ងៃ សម្តីរបស់ព្រះអង្គ និងការធ្វើរបស់ព្រះអង្គប្រព្រឹត្តទៅផ្សេងគ្នា ដូច្នេះ ទើប មកពោលទោសព្រះតថាគត ដោយហេតុនោះ ទើបព្រះធម្មសង្គាហកត្ថេរ ទាំងឡាយ ហៅឈ្មោះទេវតាទាំងនោះថា ឧជ្ឈានសញ្ញិកា ប្រែថា ជាអ្នក មានសេចក្តីសម្គាល់ក្នុងការសំឡឹងទោស ដូច្នេះ ។ បទថា អញ្ញថា សន្តំ ប្រែថា មានដោយអាការផ្សេង គឺ បានដល់ប្រព្រឹត្តទៅដោយអាការផ្សេង ។ បទថា និកច្ច ប្រែថា ការលួច