សទ្ធាសូត្រទី ៦
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង កាលវេលារាត្រី បឋមយាម កន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតាជាច្រើន មានរស្មី ល្អ ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោល គាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា សទ្ធាជាទីពីរ របស់បុរស បើបុគ្គលមិនឋិតនៅក្នុង ភាពជាអ្នកមិនមានសទ្ធាទេ យសបរិវារក្តី កិត្តិសព្ទក្តី តែងមានដល់បុរសនោះ ព្រោះតែការមិនឋិតនៅក្នុងភាពជា បុគ្គល មិនមានសទ្ធានោះ លុះបុគ្គលនោះលះសរីរៈ ហើយ រមែងទៅកាន់ឋានសួគ៌ ។ បុគ្គលគប្បីលះបង់ សេចក្តីក្រោធ គប្បីលះបង់មានះ គប្បីលះបង់សំយោជនៈទាំងពួង សង្គធម៌ទាំងឡាយ មិនធ្លាក់សង្កត់នូវ បុគ្គលនោះ ដែលមិនជាប់ចំពាក់នៅក្នុងនាម និងរូប មិនមានសេចក្តីក្រវល់ក្រវាយឡើយ ។ ពួកជនពាល ឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ អ្នកប្រាជ រមែងរក្សានូវសេចក្តីមិន ប្រមាទ ដូចជាគេរក្សាទុក នូវទ្រព្យដ៏ប្រសើរ បុគ្គល កុំគប្បីប្រកបរឿយៗ នូវសេចក្តីប្រមាទ កុំប្រកបរឿយៗ នូវការមូលមិត្ត ដោយតម្រេកក្នុងកាមឡើយ ដ្បិត បុគ្គលអ្នកមិនប្រមាទ អ្នកមានឈាន រមែងដល់នូវ សេចក្តីសុខដ៏ឧត្តម ។