សមយសូត្រទី ៧

ក្បាលទី 19 · ទំព័រ 234

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ នាដែនសក្កៈ មួយអន្លើដោយ ភិក្ខុសង្ឃជាច្រើន ចំនួនប្រាំរយរូប សុទ្ធតែជាព្រះអរហន្តទាំងអស់ ។ ក៏ពួក ទេវតាមកអំពីលោកធាតុទាំង ១០ ប្រជុំគ្នាដោយច្រើន ដើម្បីឃើញព្រះមាន ព្រះភាគ និងភិក្ខុសង្ឃ ។ លំដាប់នោះឯង ពួកសុទ្ធាវាសទេវតា ទាំងបួនអង្គ ត្រិះរិះ យ៉ាងនេះថា ព្រះមានព្រះភាគអង្គនេះ គង់នៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ នាដែនសក្កៈ មួយអន្លើដោយភិក្ខុសង្ឃជាច្រើន ចំនួនភិក្ខុប្រាំរយរូប សុទ្ធតែ ជាអរហន្តទាំងអស់ ក៏ពួកទេវតាមកអំពីលោកធាតុទាំង ១០ ប្រជុំគ្នាដោយ ច្រើន ដើម្បីឃើញព្រះមានព្រះភាគ និងភិក្ខុសង្ឃ បើដូច្នោះ គួរតែពួកយើង ចូលទៅគាល់ព្រះមានព្រះភាគដែរ លុះចូលទៅដល់ហើយ ពួកយើងគប្បី សម្តែងនូវគាថាមួយម្នាក់ៗ ក្នុងសំណាក់នៃព្រះមានព្រះភាគ ។ លំដាប់នោះឯង ទេវតាទាំងនោះ ក៏បាត់អំពីសុទ្ធាវាសទេវលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ដូចជាបុរសមាន កម្លាំង លាដៃដែលអង្កុញ ឬអង្កុញដៃដែលលាដូច្នោះឯង ។ ទេវតាទាំងនោះ ក៏ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីដ៏សមគួរ ។ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោល គាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា សម័យនេះ ជាសម័យប្រជុំធំក្នុងដងព្រៃ ពួកទេវតាក៏ មកប្រជុំគ្នាហើយ យើងទាំងឡាយ មកកាន់ទីប្រជុំ ប្រកបដោយធម៌នេះ ដើម្បីឃើញអបរាជិតសង្ឃ គឺ សង្ឃដែលមារផ្ចាញ់មិនបាន ។