ជម្លោះសក្យ្វ និងកោលិយ្វ
ក្នុងសូត្រនោះ មានអនុបុព្វីកថា គឺវាចាជាគ្រឿងពោលតាមលំដាប់ ដូចតទៅនេះ ជម្លោះសក្យៈ និងកោលិយៈ បានឮថា សក្យៈ និងកោលិយៈ បានឲ្យគេធ្វើទំនប់ទប់ទឹកមួយកន្លែង ក្នុងស្ទឹងឈ្មោះរោហិណី ដែលមាននៅក្នុងចន្លោះ នៃនគរកបិលពស្តុ និង កោលិយនគរ ហើយឲ្យធ្វើសម្ទូងទាំងឡាយ ។ គ្រានោះ ជាវេលាដើមខែ ជេស្ឋ កាលសម្ទូងទាំងឡាយ កំពុងស្វិតក្រៀម ទើបកម្មករនៃនគរទាំងពីរ ប្រជុំគ្នា ។ ក្នុងបណ្តាកម្មករទាំងពីរពួកនោះ កម្មករអ្នកនៅក្នុងកោលិយនគរ ពោលថា ទឹកនេះ នាំមកប្រើដើម្បីសម្ទូងនៃពួកយើងទាំងពីរនគរ នឹងមិនគ្រប់ គ្រាន់ ក៏សម្ទូងរបស់ពួកយើងនឹងសម្រេចដោយទឹកដែលមកតែម្ខាងបុណ្ណោះ ចូរពួកលោកឲ្យទឹកនេះដល់ពួកយើង ដូច្នេះ ។ កម្មករអ្នកនៅក្នុងនគរកបិលពស្តុពោលថា កាលពួកលោកញ៉ាំងស្រូវឲ្យពេញជង្រុកហើយក៏ កាន់យក កហាបណៈ មាស ប្រាក់ កែវពៃទូរ្យ និងលោហៈទាំងឡាយតាំងនៅ ឯពួកយើង ក៏នឹងមានត្រឹមតែបាវ ការុងជាដើមនៅក្នុងដៃ នឹងមិនអាចត្រាច់ទៅជិត ទ្វារផ្ទះរបស់ពួកលោក សម្ទូងរបស់ពួកយើង ក៏នឹងសម្រេចដោយទឹកដែល មកតែម្ខាងនោះឯង ចូរពួកលោកឲ្យទឹកនេះដល់ពួកយើង ដូច្នេះ ។ កម្មករ អ្នកនៅក្នុងកោលិយនគរពោលថា ពួកយើងនឹងមិនឲ្យ កម្មករដែលនៅក្នុង នគរកបិលពស្តុ ក៏ពោលថា សូម្បីពួកយើងក៏នឹងមិនឲ្យ ទើបកើតការជជែកគ្នា ជនម្នាក់ក្រោកឡើងប្រហារជនម្នាក់ ។ សូម្បីជននោះក៏ប្រហារជនដទៃៗ កាលប្រហារនូវគ្នានិងគ្នាយ៉ាងនេះហើយ ក៏បន្តទៅដល់ជាតិ ដល់រាជត្រកូល ញ៉ាំងជម្លោះទាស់ទែងឲ្យចម្រើនឡើងហើយ ដោយប្រការដូច្នេះ ។