សកលិកសូត្រទី ៨

ក្បាលទី 19 · ទំព័រ 261

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឱទ្យានឈ្មោះមទ្ទកុច្ឆិ ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះបាទនៃព្រះមានព្រះភាគទង្គិចដោយបំណែកថ្ម ( ដែល ទេវទត្តប្រមេលោមក ) ។ វេទនាដ៏មានកម្លាំង ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត ក៏ប្រព្រឹត្តទៅក្នុងព្រះសរីរៈ នៃព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់សង្កត់ នូវ វេទនាទាំងនោះបាន មិនលំបាកឡើយ ។ គ្រានោះ ព្រះមានព្រះភាគត្រាស់ បង្គាប់ភិក្ខុ ឲ្យក្រាលសង្ឃាដិ មានជាន់បួន ទ្រង់សម្រេចព្រះសីហសេយ្យា ខាងស្តាំ តម្រួតព្រះបាទខាងឆ្វេង លើព្រះបាទខាងស្តាំ ទ្រង់មានព្រះសតិ សម្បជញ្ញៈ ។ លំដាប់នោះ កាលវេលារាត្រីបឋមយាម កន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតា ៧០០ អង្គ មានរស្មីដ៏ល្អ ញ៉ាំងមទ្ទកុច្ឆិឱទ្យាន ទាំងមូលឲ្យភ្លឺ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។ លុះទេវតាមួយអង្គឋិតនៅក្នុងទីសមគួរហើយ ក៏បន្លឺឧទាន វាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា យីអើ ព្រះសមណគោតម ជា នាគមែនហ្ន៎ ព្រោះព្រះអង្គ ជាបុគ្គលមានព្រះពលានុភាព ទោះបីវេទនា ជា ទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន