អដ្ឋកថា សកលិកសូត្រទី ៨
គប្បីជ្រាបវិនិច្ឆ័យក្នុងសកលិកសូត្រទី ៨ តទៅដូច្នេះ បទថា មទ្ទកុច្ឆិ បានដល់ ឧទ្យានដែលមានឈ្មោះយ៉ាងនេះ ។ ពិតហើយ ឧទ្យាន នោះ កាលព្រះបាទអជាតសត្តុកើតក្នុងគភ៌ហើយ មាតារបស់ព្រះបាទអជាតសត្តុនោះ មានបំណងនឹងឲ្យគភ៌រលូត ដោយព្រះតម្រិះថា គភ៌ដែលនៅក្នុង ពោះរបស់អញនេះ នឹងជាសត្រូវរបស់ព្រះរាជា នឹងមានប្រយោជន៍អ្វីដោយគភ៌ នេះ ដូច្នេះ ទើបឲ្យទម្លាយគភ៌ក្នុងឧទ្យាននោះ ព្រោះហេតុនោះ ទើបឧទ្យាន នោះ ឈ្មោះថា មទ្ទកុច្ឆិ ដូច្នេះ ។ ព្រៃដែលលោកហៅថា មិគទាយ ព្រោះ ព្រៃនោះ ជាព្រៃដែលព្រះរាជាព្រះរាជទានអភ័យ ដល់សត្វម្រឹគទាំងឡាយ ។ ក្នុងបទថា តេន ខោ បន សមយេន នេះ ជាអនុបុព្វីកថា គឺវាចាជាគ្រឿង ពោលតាមលំដាប់ ។ ទេវទត្តភិក្ខុអាស្រ័យព្រះបាទអជាតសត្តុហើយ សូម្បីបញ្ជូននាយខ្មាន់ធ្នូ ទាំងឡាយ និងដំរីធនបាលកៈទៅហើយ ក៏មិនអាចដើម្បីធ្វើអន្តរាយជីវិតរបស់ ព្រះតថាគតបាន ទើបគិតថា អញនឹងញ៉ាំងព្រះតថាគតឲ្យអស់ជីវិតដោយដៃ របស់អញតែម្តង ដូច្នេះ ឡើងលើភ្នំគិជ្ឈកូដហើយ លើកថ្មដ៏ធំ ប្រមាណបុន ផ្ទះកំពូលចោលទៅ ដោយគិតថា ព្រះសមណគោតម ចូរបែកជាលម្ហិតតូចធំ ដូច្នេះ ។ បានឮថា ទេវទត្តនោះមានកម្លាំងខ្លាំង ទ្រទ្រង់កម្លាំងស្មើនឹងដំរី ៥ ។ អន្តរាយនៃជីវិតរបស់ព្រះពុទ្ធទាំងឡាយ ដែលនឹងគប្បីមាន ដោយសេចក្តី ព្យាយាមរបស់បុគ្គលដទៃ សេចក្តីនោះឯង ជាអដ្ឋានៈ គឺជារបស់ដែល ប្រព្រឹត្តទៅមិនបាន ព្រោះហេតុនោះ ទើបថ្មដទៃតាំងឡើងក្នុងអាកាសហើយ