បឋមបជ្ជុនធីតុសូត្រទី ៩

ក្បាលទី 19 · ទំព័រ 274

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី ។ គ្រានោះ កាលដែលវេលារាត្រីបឋមយាមកន្លងទៅហើយ ទេវតាឈ្មោះកោកនទា ជា ធីតានៃបជ្ជុន្នទេវរាជ មានរស្មីដ៏ល្អ ញ៉ាំងមហាវ័នទាំងមូលឲ្យភ្លឺស្វាង ចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយ ឋិតនៅក្នុងទីដ៏សមគួរ ។ លុះទេវតាឈ្មោះកោកនទា ជាធីតានៃបជ្ជុន្នទេវរាជ ឋិតនៅក្នុង ទីដ៏សមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមាន ព្រះភាគថា ខ្ញុំម្ចាស់ឈ្មោះកោកនទា ខ្ញុំម្ចាស់ឈ្មោះកោកនទា ជា ធីតានៃបជ្ជុន្នទេវរាជ សូមថ្វាយបង្គំព្រះសម្ពុទ្ធព្រះអង្គ ជាកំពូលរបស់សត្វ ទ្រង់គង់នៅក្នុងមហាវ័ន ជិតក្រុង វេសាលី ក្នុងកាលមុន ខ្ញុំម្ចាស់បានឮថា ព្រះធម៌ គឺ ព្រះតថាគត អ្នកមានចក្ខុ ត្រាស់ដឹងហើយ ឥឡូវនេះ ខ្ញុំម្ចាស់ដឹងច្បាស់លាស់ ( នូវធម៌ ) ដែលព្រះសុគត ជាមុនីសម្តែងហើយ ពួកបុគ្គលអាប់ប្រាជ្ញាណាមួយ ប្រព្រឹត្តតិះដៀល នូវព្រះធម៌ដ៏ប្រសើរ នឹងចូលទៅដល់ រោរុវនរក រងទុក្ខដ៏ក្លា អស់រាត្រីយូរអង្វែង លុះ តែពួកបុគ្គលណា មានខន្តី ចូលទៅរម្ងាប់កិលេស មានរាគៈជាដើម ក្នុងអរិយធម៌ ទើបបុគ្គលពួកនោះ លះបង់នូវរាងកាយ ជារបស់មនុស្សហើយ នឹងចូលទៅ បំពេញនូវកាយជារបស់ទេវតាបាន ។