ទុតិយបជ្ជុនធីតុសូត្រទី ១០

ក្បាលទី 19 · ទំព័រ 278

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ គ្រានោះ កាលដែលវេលារាត្រីបឋមយាមកន្លងទៅហើយ ទេវតាឈ្មោះចុល្លកោកនទា ជាធីតានៃបជ្ជុន្នទេវរាជ មានរស្មីដ៏ល្អ ញ៉ាំងមហាវ័នទាំងមូលឲ្យភ្លឺស្វាង ចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះទេវតាឈ្មោះចុល្លកោកនទា ជាធីតានៃបជ្ជុន្នទេវរាជឋិតនៅ ក្នុងទីដ៏សមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមាន ព្រះភាគថា ទេវតាឈ្មោះកោកនទា ជាធីតានៃបជ្ជុន្នទេវរាជ មាន រស្មីដ៏ភ្លឺ ដូចជាផ្លេកបន្ទោរ មកហើយក្នុងទីនេះ កាល នមស្ការព្រះពុទ្ធ ព្រះធម៌ ( និងព្រះសង្ឃ ) បានពោល នូវគាថានេះដ៏ប្រកបដោយអត្ថថា ខ្ញុំម្ចាស់ ក៏ត្រូវចែក នូវគាថានោះ ដោយបរិយាយដ៏ច្រើនប្រការ ធម៌បែប នោះ ខ្ញុំម្ចាស់នឹងសម្តែងនូវសេចក្តីយ៉ាងសង្ខេប ធម៌ទាំង បុន្មាននោះ ខ្ញុំម្ចាស់បានរៀន ដោយចិត្ត ( ជ្រះថ្លា ) ។ បុគ្គលមិនគប្បីធ្វើបាប ដោយកាយវាចាចិត្ត បុគ្គល គប្បីលះបង់នូវកង្វល់ក្នុងលោកទាំងពួង គប្បីលះបង់នូវ កាមទាំងឡាយ គប្បីជាអ្នកមានសតិ និងសម្បជញ្ញៈ មិនគប្បីសេពអំពើឥតប្រយោជន៍ ដែលនាំមកនូវ សេចក្តីទុក្ខ ។ សតុល្លប្បកាយិកវគ្គទី ៤ ចប់ ៥ បញ្ជីរឿងក្នុងសតុបល្លប្បកាយិកវគ្គនោះ គឺ សព្ភិសូត្រ ១ មច្ឆរិសូត្រ ១ សាធុសូត្រ ១ នសន្តិសូត្រ ១ ឧជ្ឈានសញ្ញិសូត្រ ១ សទ្ធាសូត្រ ១ សមយសូត្រ ១ សកលិកសូត្រ ១ បជ្ជុន្នធីតុសូត្រ ២ ។