អដ្ឋកថា ទុតិយបជ្ជុនធីតុសូត្រទី ១០

ក្បាលទី 19 · ទំព័រ 280

ទុតិយបជ្ជុន្នធីតុសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយបជ្ជុន្នធីតុសូត្រទី ១០ ដូច្នេះ បទថា ធម្មំ ច អធិប្បាយថា ធីតារបស់ស្តេចបជ្ជុន្នៈ ឈ្មោះចុល្លកោកនទា ពោលថា ខ្ញុំម្ចាស់មកក្នុងទីនេះ ថ្វាយបង្គំនូវព្រះរតនត្រ័យ គឺនូវព្រះសង្ឃ ដោយពាក្យថា ច សព្ទ គឺថា នូវព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ។ បទថា អត្ថវតី ប្រែថា មានប្រយោជន៍ ។ បទថា ពហុនាបិ ខោ តំ សេចក្តីថា បានដល់ ទេពធីតាឈ្មោះចុល្លកោកនទានោះ បានពោលធម៌ណា សូម្បីធម៌ នោះ ខ្ញុំម្ចាស់ក៏គប្បីចែកបានដោយបរិយាយច្រើន ។ បទថា តាទិសោ ធម្មោ ប្រែថា ធម៌បែបនោះ អធិប្បាយថា ទេពធីតា ឈ្មោះចុល្លកោកនទា រមែង សម្តែងថា បពិត្រព្រះមានព្រះភាគ ធម៌នេះ មានការតាំងនៅយ៉ាងនោះ មាន ចំណែកប្រៀបបានល្អ ជាធម៌គួរដល់ការចែកដោយបរិយាយទាំងឡាយច្រើន ដូច្នេះ ។ បទថា លបយិស្សាមិ កែជា កថយិស្សាមិ អធិប្បាយថា ទេពធីតា ឈ្មោះចុល្លកោកនទា ពោលថា ធម៌ដែលខ្ញុំម្ចាស់សិក្សាដោយចិត្តមានប្រមាណ បុនណា គឺថា ធម៌មានប្រមាណច្រើនត្រឹមណា ដែលខ្ញុំម្ចាស់រៀនដោយចិត្ត នឹងមិនពោលដល់ប្រយោជន៍នៃធម៌នោះអស់មួយថ្ងៃ គឺនឹងពោលដោយសង្ខេប ត្រឹមមួយសន្ទុះបុណ្ណោះ ដូចបុគ្គលច្របាច់សម្បុកឃ្មុំ ដូច្នោះ ។ ពាក្យ ដ៏សេសមានអត្ថងាយយល់ទាំងអស់ ។