អដ្ឋកថា អាទិត្តសូត្រទី ១
គប្បីជ្រាបវិនិច្ឆ័យក្នុងវគ្គទី ៥ នៃអាទិត្តសូត្រទី ១ តទៅ បទថា ជរាយ មរណេន ច នេះ ជាប្រធាននៃទេសនា អធិប្បាយថា លោក គឺពពួកសត្វត្រូវភ្លើងទាំង ១១ កង មានរាគៈជាដើម ដុតហើយត្រ ាច់ទៅ ។ បទថា ទានេន បានដល់ មានចេតនាក្នុងការឲ្យទាន ។ បទថា ទិន្នំ ហោតិ សុនីភតំ សេចក្តីថា ចេតនាដែលជាបុណ្យក្នុងការឲ្យរមែងមាន ដល់ទាយកនោះឯង ដូចទ្រព្យនៃម្ចាស់ផ្ទះនាំចេញហើយ ដោយហេតុនោះ ទើបលោកពោលថា ចោរា ហរន្តិ អធិប្បាយថា មានភោគៈដែលខ្លួនមិនបាន ឲ្យហើយ សូម្បីចោរទាំងឡាយក៏ប្លន់បាន សូម្បីព្រះរាជាទាំងឡាយក៏រឹបអូស បាន សូម្បីភ្លើងក៏ឆេះបាន ឬបាត់បង់ទៅ សូម្បីក្នុងទីដែលខ្លួនរក្សាហើយ ។ បទថា អន្តេន ប្រែថា ដោយការស្លាប់ ។ បទថា សរីរំ សបរិគ្គហំ អធិប្បាយ ថា រាងកាយ និងភោគៈមិនវិនាសទៅ ដោយអំណាចនៃអន្តរាយទាំងឡាយ មានចោរជាដើម ។ បទថា សគ្គមុបេតិ អធិប្បាយថា រមែងកើតក្នុងស្ថាន សួគ៌ ដូចសាធុជនទាំងឡាយ មានព្រះវេស្សន្តរមហារាជជាដើម ។