អដ្ឋកថា កិន្ទទសូត្រទី ២

ក្បាលទី 19 · ទំព័រ 285

គប្បីជ្រាបវិនិច្ឆ័យក្នុងកិន្ទទសូត្រទី ២ ដូច្នេះតទៅ បទថា អន្នទោ អធិប្បាយថា បុគ្គលទោះបីមានកម្លាំងខ្លាំង តែមិនបានបរិភោគ អាហារអស់ច្រើនថ្ងៃ ( ពីរបីថ្ងៃ ) ក៏មិនអាចដើម្បីនឹងក្រោកឡើងបាន ឯ បុគ្គលអ្នកមានកម្លាំងខ្សោយ បានបរិភោគអាហារហើយ ក៏រមែងដល់ព្រម ដោយកម្លាំងបាន ព្រោះហេតុណា ព្រោះហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ថា បុគ្គលឲ្យអាហារ ឈ្មោះថា ឲ្យកម្លាំង ដូច្នេះ ។ បទថា វត្ថទោ អធិប្បាយថា បុគ្គលទោះបីមានរូបស្អាត តែមានសំពត់ស្មោកគ្រោក សំពត់ សាច់គ្រោតគ្រាត ឬមិនមានសំពត់ រមែងជាអ្នកគួរខ្ពើមរអើម ត្រូវគេប្រមាថ មិនគួរមើល បុគ្គលមានសំពត់បិទបាំងល្អហើយ រមែងស្អាតដូចទេវបុត្រ ហេតុ ណា ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា បុគ្គលឲ្យសំពត់ឈ្មោះ ថា ឲ្យពណ៌សម្បុរ ដូច្នេះ ។ បទថា យានទោ បានដល់ យានទាំងឡាយ មានហត្ថិយាន ( យានដំរី ) ជាដើម បុន្តែក្នុងបណ្តាយានទាំងនោះ យានដំរី យានសេះ រមែងមិនសមគួរដល់សមណៈ ការឲ្យទៅដោយរថក៏មិនសមគួរ ដូចគ្នា យានដ៏សមគួរដល់សមណៈ គឺស្បែកជើងសម្រាប់សមណៈអ្នករក្សា នូវសីលក្ខន្ធ ព្រោះហេតុនោះ បុគ្គលឲ្យស្បែកជើង ឈើច្រត់សម្រាប់ មនុស្សចាស់ គ្រែ តាំង ម្យ៉ាងទៀត បុគ្គលណា រមែងជម្រះផ្លូវ ធ្វើជណ្តើរ ធ្វើស្ពាន ប្រគល់ទូកឲ្យសូម្បីទាំងអស់នេះ ក៏ឈ្មោះថា ឲ្យយានដូចគ្នា ។ បទថា សុខទោ ហោតិ គឺឈ្មោះថា ឲ្យសេចក្តីសុខ ក៏ព្រោះនាំសេចក្តីសុខ ក្នុងយានមកឲ្យ ។ បទថា ចក្ខុទោ ហោតិ អធិប្បាយថា ឲ្យប្រទីប ឈ្មោះថា