អដ្ឋកថា អនោមិយសូត្រទី ៥

ក្បាលទី 19 · ទំព័រ 293

គប្បីជ្រាបវិនិច្ឆ័យក្នុងអន្តោមិយសូត្រទី ៥ តទៅ បទថា អនោមនាមំ អធិប្បាយថា មានព្រះនាមមិនខ្វះកន្លះ មានព្រះនាមបរិបូណ៌ ព្រោះភាពនៃព្រះអង្គទ្រង់ប្រកបដោយគុណទាំងពួង ។ បទថា និបុណត្ថទស្សឹ អធិប្បាយថា ព្រះមានព្រះភាគទ្រង់ឃើញប្រយោជន៍ទាំងឡាយ ដ៏ ល្អិតល្អ ដោយមានសេចក្តីផ្សេងគ្នានៃខន្ធជាដើម ព្រោះហេតុនោះ ទើបឈ្មោះ ថា ទ្រង់ឃើញប្រយោជន៍ដ៏ល្អិតល្អ ។ បទថា បញ្ញាទទំ អធិប្បាយថា ឈ្មោះ ថា ជាអ្នកឲ្យនូវបញ្ញា ព្រោះអាចប្រាប់នូវបដិបទាដើម្បីឲ្យសម្រេចនូវបញ្ញា ។ បទថា កាមាលយេ អសត្តំ បានដល់ ទ្រង់មិនជាប់ជំពាក់ក្នុងអាល័យ គឺ កាមគុណ ៥ ។ បទថា កមមានំ អធិប្បាយថា ព្រះមានព្រះភាគទ្រង់ដល់ ហើយនូវសេចក្តីផូរផង់ត្រង់មហាពោធិនោះឯង ដោយអរិយមគ្គ មិនមែនដល់ ក្នុងកាលឥឡូវនេះទេ ។ ពាក្យនេះ លោកពោលសំដៅយកអតីតកាល ។ បទថា មហេសឹ បានដល់ ស្វែងរកគុណដ៏ធំ គឺសីលក្ខន្ធជាដើមដូច្នេះឯង ។