អដ្ឋកថា ជេតវនសូត្រទី ៨
គប្បីជ្រាបវិនិច្ឆ័យក្នុងជេតវនសូត្រទី ៨ តទៅ ក្នុងបទថា ឥទំ ហិ តំ ជេតវនំ សេចក្តីថា អនាថបិណ្ឌិកទេវបុត្រពោលយ៉ាងនេះ ដើម្បី សរសើរវត្តជេតពន និងព្រះអរិយបុគ្គលទាំងឡាយ មានព្រះពុទ្ធជាដើម ។ បទថា ឥសិសំឃនិសេវិតំ បានដល់ ដែលពួកនៃភិក្ខុនៅអាស្រ័យហើយ អនាថបិណ្ឌិកទេវបុត្រនោះ កាលពោលសរសើរវត្តជេតពន ទីមួយយ៉ាងនេះហើយ ឥឡូវនេះ កាលនឹងពោលដល់អរិយមគ្គ ទើបពោល បទថា កម្មំ វិជ្ជា ជាដើម ប្រែថា សត្វទាំងឡាយ រមែងបរិសុទ្ធដោយ អដ្ឋង្គិកមគ្គនេះ គឺកម្ម បានដល់ មគ្គចេតនា វិជ្ជា បានដល់ សម្មាទិដ្ឋិ និង សម្មាសង្កប្បៈ ធម្មៈ បានដល់ សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ សីល បានដល់ សម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ ឈ្មោះថា ជីវិតដ៏ ឧត្តម មិនមែនបរិសុទ្ធដោយគោត្រ ឬដោយទ្រព្យទេ ព្រោះហេតុនោះឯង បុរសជាបណ្ឌិត កាលបើឃើញច្បាស់នូវប្រយោជន៍របស់ខ្លួន គួរតែពិចារណានូវធម៌ ដោយឧបាយនៃប្រាជ្ញា រមែងបរិសុទ្ធ ក្នុងអរិយមគ្គនោះ យ៉ាង នេះឯង ។ បណ្តាបទទាំងនោះ បទថា កម្មំ បានដល់ មគ្គចេតនា ។ បទថា វិជ្ជា បានដល់ មគ្គបញ្ញា ។ បទថា ធម្មោ បានដល់ ធម៌ទាំងឡាយដែលជាបក្ខ នៃសមាធិ ។ បទថា សីលំ ជីវិតមុត្តមំ អធិប្បាយថា ទេវតានោះ រមែង សម្តែងជីវិតដ៏ឧត្តម របស់បុគ្គលអ្នកតាំងនៅក្នុងសីល ។ ម្យ៉ាងទៀត បទថា វិជ្ជា បានដល់ សម្មាទិដ្ឋិ និងសម្មាសង្កប្ប ។ បទថា ធម្មោ បានដល់ សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ ។ បទថា សីលំ បានដល់ សម្មាវាចា និងសម្មាកម្មន្តៈ ។ បទថា ជីវិតមុត្តមំ បានដល់ ជីវិតរបស់អ្នក តាំងនៅក្នុងសីលនេះ ជាជីវិតខ្ពង់ខ្ពស់ ។ បទថា ឯតេន មច្ចា សុជ្ឈន្តិ សេចក្តីថា សត្វទាំងឡាយ រមែងបរិសុទ្ធបានដោយមគ្គដ