មច្ឆរិសូត្រទី ៩

ក្បាលទី 19 · ទំព័រ 309

ទ… ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នក កំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជាអ្នកធ្វើ សេចក្តីអន្តរាយដល់ជនដទៃដែលកំពុងឲ្យទាន ផលវិបាក របស់ជនទាំងឡាយនោះដូចម្តេច សម្បរាយភពរបស់ជន ទាំងឡាយនោះដូចម្តេច យើងខ្ញុំមកដើម្បីក្រាបបង្គំទូលសួរ ព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន ។ ព… ក្នុងលោកនេះ ជនទាំងឡាយណា ជា អ្នកកំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជា អ្នកធ្វើសេចក្តីអន្តរាយ ដល់ជនដទៃដែលកំពុងឲ្យទាន ជនទាំងឡាយនោះ តែងទៅកើតក្នុងនរក ក្នុងកំណើត សត្វតិរច្ឆាន និងក្នុងយមលោក ប្រសិនបើដល់នូវភាពជា មនុស្ស រមែងកើតក្នុងត្រកូលកម្សត់ ស្វែងរកតែ សំពត់ និងអាហារ និងសេចក្តីត្រេកអរក្នុងបញ្ចកាមគុណ និងល្បែង ក៏បានដោយកម្រ ពួកពាលតែងនឹក ប៉ងនូវទ្រព្យណាអំពីទីដទៃ ទ្រព្យនោះ មិនដែលបាន ដល់ជនពាលនោះឡើយ នេះជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែកសម្បរាយភព រមែងមាន ទុគ្គតិជាផល ។ ទ… យើងខ្ញុំ ដឹងសេចក្តីនេះជាក់ច្បាស់ដូច្នេះ ហើយ យើងខ្ញុំ សូមក្រាបបង្គំទូលសួរនូវសេចក្តីដទៃ នឹងព្រះគោតមជាម្ចាស់ ( តទៅទៀត ) ក្នុងលោកនេះ ជនទាំងឡាយណា បាននូវអត្តភាពជាមនុស្សហើយ ជា អ្នកដឹងនូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តី កំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាង ខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ផលវិបាករបស់ ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភពរបស់ជន ទាំងឡាយនោះដូចម្តេច យើងខ្ញុំមកដើម្បីក្រាបបង្គំទូល សួរព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តី នោះបាន ។