អដ្ឋកថា ឧប្បថសូត្រទី ៨
ក្បាលទី 19 · ទំព័រ 332
គប្បីជ្រាបវិនិច្ឆ័យក្នុងឧប្បថសូត្រទី ៨ តទៅ បទថា រាគោ ឧប្បថោ សេចក្តីថា រាគៈនោះ មិនមែនផ្លូវរបស់អ្នកទៅកាន់សុគតិ និង ព្រះនិព្វាន ។ បទថា រត្តិទិវក្ខយោ បានដល់ រមែងអស់ទៅទាំងយប់ និងថ្ងៃ ។ បទថា ឥត្ថី អធិប្បាយថា មន្ទិលខាងក្រៅដ៏សេស ( ក្រៅអំពីមន្ទិលព្រហ្មចរិយៈ ) បុគ្គលអាចជម្រះលាងឲ្យស្អាតបាន ដោយការតាក់តែងកែខៃឲ្យ ប្រាសចាកទៅជាដើម ចំណែកអ្នកដែលត្រូវមន្ទិល គឺមាតុគ្រាម មិនអាច ដើម្បីឲ្យបរិសុទ្ធបាន ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ស្រីជា មន្ទិល ដូច្នេះ ។ បទថា ឯត្ថ ប្រែថា ពួកសត្វរមែងជាប់នៅនឹងស្ត្រីនេះ ។ បទថា តបេ សេចក្តីថា ជាឈ្មោះនៃឥន្ទ្រិយសំវរៈ ធុតង្គគុណ និងទុក្ករកិរិយា បុន្តែក្នុងទីនេះ វៀរលែងទុក្ករកិរិយាចេញ ទើបសមគួរជាបដិបទា ដុតកម្តៅកិលេសសូម្បីទាំងអស់ ។ បទថា ព្រហ្មចរិយំ បានដល់ មេថុនវិរតិ ដូច្នេះឯង ។