អដ្ឋកថា កវិសូត្រទី ១០
ក្បាលទី 19 · ទំព័រ 336
គប្បីជ្រាបវិនិច្ឆ័យក្នុងកវិសូត្រទី ១០ តទៅ បទថា ឆន្ទោ និទានំ សេចក្តីថា ឆន្ទ ដែលមានគាយតិឆន្ទ ( ចម្រៀង ) ជាដើម ជាដើម ហេតុនៃគាថាទាំងឡាយ អធិប្បាយថា កវិកាលផ្តើមគាថា ដែលតាំងឡើងក្នុង ខាងដើម ក៏រមែងផ្តើមថា សូមគាថាមានដោយឆន្ទ ដែលយើងធ្វើហើយ ដូច្នេះ ។ បទថា វិយញ្ជនំ បានដល់ ការឲ្យកើតឡើង ព្រោះថា អក្ខរៈ រមែងញ៉ាំងបទឲ្យកើត បទក៏រមែងញ៉ាំងគាថាឲ្យកើត ។ គាថារមែងបំភ្លឺដល់ សេចក្តី ។ បទថា នាមសន្និស្សិតា បានដល់ អាស្រ័យការតាំងឈ្មោះ ដូច មានពាក្យថា សមុទ្រ ជាដើម អធិប្បាយថា គាថាកាលផ្តើម ក៏ត្រូវ អាស្រ័យនាម ( ឈ្មោះ ) យ៉ាងណាមួយ មានសមុទ្រ ផែនដីជាដើមនុ៎ះឯង ហើយទើបផ្តើម ។ បទថា អាសយោ ប្រែថា ជាទីអាស្រ័យ អធិប្បាយថា ព្រោះគាថាទាំងឡាយ រមែងប្រព្រឹត្តទៅព្រោះកវី ទាំងកវីនោះក៏ជាទីអាស្រ័យ នៃគាថាទាំងឡាយ ដូច្នេះ ។