អដ្ឋកថា លោកសូត្រទី ១០
គប្បីជ្រាបវិនិច្ឆ័យក្នុងលោកសូត្រទី ១០ តទៅ ក្នុងបទថា កិស្មឹ លោកោ សមុប្បន្នោ នេះ ទេវតាទូលសួរថា កាលអ្វីកើតឡើង ទើបលោកកើតឡើង ។ បទថា ឆសុ នេះ ព្រះមានព្រះភាគត្រាស់តបថា កាល អាយតនៈខាងក្នុង ៦ កើតឡើង ទើបលោកកើតឡើង ។ បទថា ឆសុ កុព្វតិ បានដល់ រមែងធ្វើសេចក្តីស្និទ្ធស្នាលក្នុងអាយតនៈ ៦ ទាំងនោះឯង ។ បទថា ឧបទាយ អធិប្បាយថា សត្វប្រកាន់មាំ គឺអាស្រ័យហើយ ជាប់ទាក់ទង ហើយ នឹងអាយតនៈទាំងនោះឯង ប្រព្រឹត្តទៅ ។ បទថា វិហញ្ញតិ ប្រែថា រមែងលំបាក គឺរមែងចង្អៀតចង្អល់ ព្រោះអាយតនៈទាំង ៦ នោះឯង អធិប្បាយថា បញ្ញានេះមកដោយអំណាចនៃអាយតនៈខាងក្នុង ដោយប្រការ ដូច្នេះ ចំណែកការនាំមកដោយអំណាចនៃអាយតនៈទាំងខាងក្នុង និងខាងក្រៅ ក៏រមែងសមគួរ ។ ព្រោះថា កាលអាយតនៈខាងក្នុង ៦ កើតឡើងហើយ អាយតនៈខាងក្រៅនេះ ក៏ឈ្មោះថាកើតឡើងហើយ ដូច្នោះ ទើបព្រះមាន ព្រះភាគត្រាស់ថា សត្វលោក រមែងធ្វើសេចក្តីស្និទ្ធស្នាលក្នុងអាយតនៈខាងក្រៅ ៦ សត្វលោកប្រកាន់មាំក្នុងអាយតនៈខាងក្នុង ៦ សត្វលោករមែង លំបាក ព្រោះអាយតនៈខាងក្រៅ ៦ ដូច្នេះ ។