អដ្ឋកថា ឃត្វាសូត្រទី ១ / ឆេត្វាសូត្រទី ១
ក្បាលទី 19 · ទំព័រ 350
[ ២០០-២០១ ] គប្បីជ្រាបវិនិច្ឆ័យក្នុងឃត្វាសូត្រទី ១ នៃឃត្វាវគ្គ តទៅ បទថា ឃត្វា ប្រែថា សម្លាប់ហើយ ។ បទថា សុខំ សេតិ ប្រែថា ដេកជាសុខ អធិប្បាយថា ឈ្មោះថា ដេកនៅជាសុខ ព្រោះមិនត្រូវដុតកម្តៅ ដោយសេចក្តីក្តៅក្រហាយ គឺសេចក្តីក្រោធ ។ បទថា ន សោចតិ ប្រែថា មិនសោក អធិប្បាយថា ឈ្មោះថា មិនសោក ព្រោះសេចក្តីទោមនស្ស គឺ សេចក្តីក្រោធវិនាសទៅហើយ ។ បទថា វិសមូលស្ស ប្រែថា មានគល់ជាពិស គឺមានវិបាកជាទុក្ខ ។ បទថា មធុរគ្គស្ស ប្រែថា មានចុងដ៏ផ្អែម អធិប្បាយថា ព្រោះជេរតបតបុគ្គលដែលជេរហើយ ព្រោះប្រហារតបតបុគ្គល ដែលប្រហារហើយ សេចក្តីសប្បាយ រមែងកើតឡើង ។ សេចក្តីក្រោធនោះ លោកពោលថា មានចុងដ៏ផ្អែម សំដៅយកសេចក្តីសុខនោះ ។ ក្នុងទីនេះ ទីបំផុត លោកពោលថា ចុង ដូច្នេះ ។ បទថា អរិយា បានដល់ ព្រះអរិយៈ ទាំងឡាយ មានព្រះពុទ្ធជាដើម ។