អដ្ឋកថា ភីតសូត្រទី ៥

ក្បាលទី 19 · ទំព័រ 360

[ ២០៩-២១០ ] គប្បីជ្រាបវិនិច្ឆ័យក្នុងភីតសូត្រទី ៥ តទៅ បទថា កឹសូធ ភីតា កែជា កឹ ភីតា ប្រែថា ខ្លាចអ្វី ។ បទថា មគ្គោ វនេកាយតនំ បវុត្តោ ប្រែថា មគ្គប៉ុណ្ណោះព្រះពុទ្ធអង្គត្រាស់ដោយហេតុ មិនមែនតិច អធិប្បាយថា ព្រះមានព្រះភាគ ត្រាស់ដោយហេតុជាគ្រឿងធ្វើ ច្រើនណាស់ ដោយអំណាចនៃអារម្មណ៍ ៣៨ កាលបើដូច្នោះ ទើបទេវតា ពោលថា អ្វី ដែលប្រជុំជនប្រកាន់មាំក្នុងទិដ្ឋិ ៦២ ខ្លាចហើយ ដូច្នេះ ។ បទថា ភូរិបញ្ញា ប្រែថា មានបញ្ញាដូចផែនដី ព្រោះមានបញ្ញាច្រើន មានបញ្ញា ក្រាស់ ។ បទថា បរលោកំ ន ភាយេ ប្រែថា រមែងមិនភ័យទៅក្នុងបរលោក គឺកាលទៅកាន់បរលោក ចាកលោកនេះ មិនគប្បីខ្លាច ។ បទថា បណិធាយ ប្រែថា តម្កល់ហើយ ។ បទថា ឃរមាវសន្តោ ប្រែថា គ្រប់គ្រងនូវផ្ទះ អធិប្បាយថា បុគ្គលអ្នកនៅគ្រប់គ្រងផ្ទះ ដែលមានបាយ និងទឹកច្រើន ដូច ជនទាំងឡាយ មានអនាថបិណ្ឌិកសេដ្ឋីជាដើម ។ បទថា សំវិភាគី ប្រែថា ជាអ្នកចែករលែក អធិប្បាយថា ជាអ្នកញ៉ាំងវត្ថុដែលខ្លួនកាន់យកបុនម្រាមដៃ ក៏នៅចែករលែកដោយក្រចកឲ្យដល់អ្នកដទៃហើយ ទើបបរិភោគ ។ បទថា វទញ្ញូ មានសេចក្តីដូចដែលបានពោលហើយ ។ ឥឡូវនេះ គប្បីលើកអង្គ ( ចំណែកប្រកប ) នៃគាថាឡើងមក សម្តែងតទៅ ។ ពិតហើយ ព្រះមានព្រះភាគត្រាស់វាចាសុចរិត ៤ យ៉ាង ដែលបុគ្គលសិក្សាហើយ ដោយពាក្យថា វាចា នេះ និងត្រាស់មនោសុចរិត ៣ ដោយពាក្យថា ចិត្ត ។ ត្រាស់កាយសុចរិត ៣ យ៉ាង ដោយពាក្យថា ដោយកាយ ។ កុសលកម្មបថទាំង ១០ នេះ ឈ្មោះថា ជាអង្គដ៏បរិសុទ្ធ ខាងដើម ដោយប្រការដូច្នេះ ។ ដោយពាក្យថា គ្រប់គ្រងនូវផ្ទះដែលមាន បាយ និងទឹកច្រើន នេះ ព្រះមានព្រះភាគ ទ្រង់កាន់យកវត្ថុដែលនាំមកជា គ្រឿងបូជា ដែលសម្រេចហើយដោយការឲ្យ