អដ្ឋកថា នជិរតិ សូត្រ ទី ៦
គប្បីជ្រាបវិនិច្ឆ័យក្នុងនជីរតិសូត្រទី ៦ តទៅ បទថា នាមគោត្តំ ន ជីរតិ សេចក្តីថា នាម និងគោត្ររបស់ព្រះពុទ្ធទាំងឡាយ ក្នុងកាលជាអតីត រហូតមកដល់សព្វថ្ងៃនេះ បណ្ឌិតពោលនៅឡើយ ព្រោះ ហេតុនោះ ទើបត្រាស់ថា នាម និងគោត្រនោះ រមែងមិនចាស់ជរា ។ ម្យ៉ាងទៀត បោរាណាចារ្យពោលថា កាលវេលាកន្លងផុតទៅយូរ នាម និងគោត្រ នោះ នឹងមិនប្រាកដ តែភាពចាស់ជរា រមែងមិនមានឡើយ ។ បទថា អាលស្យំ ប្រែថា សេចក្តីខ្ជិលច្រអូស គឺដោយសេចក្តីខ្ជិលច្រអូសឯណា ដូច បុគ្គលអ្នកឈរនៅក្នុងទីដែលខ្លួនឈរនុ៎ះឯង អង្គុយហើយក៏អង្គុយនៅនុ៎ះឯង ទោះសក់ទាំងឡាយ ដែលតាំងនៅក្នុងទីខ្ពស់ទទឹក ក៏មិនធ្វើ ( មិនខ្វល់ខ្វាយ ធ្វើ ) ។ បទថា បមាទោ សេចក្តីថា ឈ្មោះថា សេចក្តីប្រមាទ ព្រោះដេកលក់ ឬដោយអំណាចនៃកិលេស ។ បទថា អនុដ្ឋានំ បានដល់ មិនមាន សេចក្តីព្យាយាមជាគ្រឿងធ្វើការងារ ក្នុងវេលានៃការងារ ។ បទថា អសញ្ញមោ គឺមិនមានសេចក្តីសង្រួមក្នុងសីល មានអាចារបោះបង់ចោលហើយ ។ បទថា និទ្ទា អធិប្បាយថា កាលដើរក្តី ឈរក្តី អង្គុយក្តី រមែងដេកលក់ ព្រោះ ភាពជាអ្នកច្រើនដោយការដេកលក់ នឹងពោលទៅថ្វីដល់ឥរិយាបថដេកនោះ ។ បទថា តន្ទី បានដល់ សេចក្តីខ្ជិលដែលមកដោយអំណាចនៃសេចក្តីស្រេក ពេកជាដើម ។ បទថា តេ ឆិទ្ទេ ប្រែថា ច្រកទាំងនោះ បានដល់ ច្រកទាំង ៦ ។ បទថា សព្វសោ ប្រែថា ដោយប្រការទាំងពួង ។ បទថា តំ ត្រឹមតែ ជានិបាត ។ បទថា វិវជ្ជយេ ប្រែថា គប្បីវៀរបង់ គឺគប្បីលះបង់ ។