អដ្ឋកថា បជ្ជោតសូត្រទី ១០

ក្បាលទី 19 · ទំព័រ 370

[ ២១៩-២២០ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបជ្ជោតសូត្រទី ១០ ដូច្នេះ បទថា បជ្ជោតោ បានដល់ ភ្លឺដូចជាប្រទីប ។ បទថា ជាគរោ បានដល់ រមែងដូចជាជាគរិកព្រាហ្មណ៍ ( ព្រាហ្មណ៍អ្នកភ្ញាក់រពឫក ) ។ បទថា គាវោ កម្មេ សជីវានំ អធិប្បាយថា ហ្វូងគោនោះ ជាសម្លាញ់ក្នុងការងារ ឈ្មោះថា មានការងារជាសម្លាញ់ ក្នុងការងាររបស់ពួកជនដែលមានការចិញ្ចឹមជីវិតនឹង ការងារ គឺពួកគេរមែងញ៉ាំងកសិកម្មជាដើម ឲ្យសម្រេចដោយគោមណ្ឌល ទាំងឡាយ ។ បទថា សិតស្ស ឥរិយាបថោ បានដល់ នង្គ័ល ជាឥរិយាបថ គឺជាគ្រឿងចិញ្ចឹមជីវិតរបស់ពួកសត្វនោះ ។ បទថា សិតំ ប្រែថា នង្គ័ល ។ ព្រោះថា ស្រែរបស់អ្នកស្រែណា មានប្រមាណតិច មិនធ្វើការភ្ជួររាស់ហើយ ជននោះរមែងពោលថា យើងនឹងរស់បានដូចម្តេច ដូច្នេះ ។