មាគធសូត្រទី ៤
ក្បាលទី 19 · ទំព័រ 382
មាគធទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលនឹងព្រះមានព្រះភាគ ដោយគាថាថា ពន្លឺក្នុងលោក មានបុន្មានយ៉ាង លោកភ្លឺច្បាស់ដោយ ពន្លឺទាំងឡាយណា យើងខ្ញុំព្រះអង្គមកគាល់ ដើម្បីទូល សួរព្រះមានព្រះភាគ ធ្វើដូចម្តេចហ្ន៎ នឹងដឹងនូវពន្លឺនោះ បាន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ពន្លឺក្នុង លោកនេះមានតែ ៤ យ៉ាង មិនមានដល់ ៥ យ៉ាងទេ គឺព្រះអាទិត្យភ្លឺក្នុងវេលាថ្ងៃ ព្រះចន្រ្ទភ្លឺក្នុងវេលាយប់ ឯភ្លើងភ្លឺក្នុងទីនោះៗ ទាំងយប់ទាំងថ្ងៃ ព្រះសម្ពុទ្ធប្រសើរ លើសពន្លឺទាំងឡាយ ពន្លឺនេះ មិនមានពន្លឺដទៃលើសលុប ឡើយ ។