ចន្ទិមសូត្រទី ៩
ព្រះមានព្រះភាគ ទ្រង់គង់ជិតក្រុងសាវត្ថី … សម័យនោះ ឯង រាហុអសុរិន្ទ ចាប់ចន្ទិមទេវបុត្ត ។ លំដាប់នោះ ចន្ទិមទេវបុត្តរពឫកដល់ ព្រះមានព្រះភាគ បានពោលគាថានេះ ក្នុងវេលានោះថា បពិត្រព្រះពុទ្ធអ្នកមានព្យាយាម កិរិយានមស្ការថ្វាយបង្គំ ( របស់ខ្ញុំ ) ចូរមានដល់ព្រះអង្គ ព្រះអង្គរួច ស្រឡះចាកធម៌ទាំងពួង មានខន្ធ និងអាយតនៈជាដើម ខ្ញុំព្រះអង្គដល់នូវគ្រោះថ្នាក់ ដ៏ចង្ហៀតហើយ សូមព្រះអង្គ ជាទីពឹងរបស់ខ្ញុំ ។ លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ប្រារព្ធ ចន្ទិមទេវបុត្ត ក៏ត្រាស់នឹងរាហុអសុរិន្ទ ដោយគាថាថា ចន្ទិមទេវបុត្ត ដល់នូវតថាគតជាអរហន្ត ជាទីពឹងហើយ ម្នាលរាហុ អ្នកចូរលែងចន្ទទេវបុត្តចេញ ព្រះពុទ្ធទាំងឡាយ តែងទ្រង់អនុគ្រោះសត្វលោក ។ គ្រានោះឯង រាហុអសុរិន្ទលែងចន្ទិមទេវបុត្តហើយក៏ ប្រញាប់ប្រញាល់ចូលទៅរកវេបចិត្តិអសុរិន្ទ លុះចូលទៅដល់ ក៏មាន សេចក្តីសង្វេគ ព្រឺរោម ព្រឺស្បែក ឋិតនៅក្នុងទីសមគួរ ។ វេបចិត្តិអសុរិន្ទ បានពោលនឹងរាហុអសុរិន្ទ ដែលឋិតនៅក្នុង ទីសមគួរដោយគាថាថា ម្នាលរាហុ ហេតុដូចម្តេចបានជាអ្នកប្រញាប់លែងចន្ទ- ទេវបុត្ត ហើយមានសភាពស្រពោនស្រពាប់ ហេតុ ដូចម្តេច បានជាអ្នកភ័យដល់ម្លេះ ។ រាហុអសុរិន្ទ បានពោលគាថាថា ខ្ញុំជា បុគ្គលត្រូវចន្ទិមទេវបុត្ត ពោលគាថាចំពោះព្រះពុទ្ធ ហើយ បើខ្ញុំមិនលែងចន្ទិមទេវបុត្តទេ ក្បាលខ្ញុំ មុខជា នឹងបែកជា ៧ ភាគ ទោះបីខ្ញុំរស់នៅ ក៏មិនបាន សេចក្តីសុខ ។ ៨