វេណ្ឌុសូត្រទី ២
ក្បាលទី 19 · ទំព័រ 406
វេណ្ឌុទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលនូវគាថា នេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា មនុស្សទាំងឡាយណា បានចូលទៅអង្គុយជិតព្រះសុគត ហើយជាអ្នកប្រកបព្យាយាម មិនប្រមាទ តែងសិក្សា តាម ក្នុងសាសនាព្រះគោតម មនុស្សទាំងនោះ ដល់ នូវសេចក្តីសុខមែនពិត ។ ( ព្រះមានបុណ្យត្រាស់ថា នែវេណ្ឌុទេវបុត្ត ) មនុស្សទាំងឡាយណា មានឈាន បានសិក្សាតាម ក្នុងចំណែកនៃពាក្យប្រៀនប្រដៅ ដែលតថាគត បាន ពោលហើយ មនុស្សទាំងឡាយនោះ កាលបើមិន ប្រមាទ ក្នុងកាលគួរ មិនគប្បីលុះក្នុងអំណាចនៃមច្ចុ បានឡើយ ។