នន្ទនសូត្រទី ៤
នន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលសួរ ព្រះមានព្រះភាគដោយគាថាថា បពិត្រព្រះគោតម អ្នកមានបញ្ញាក្រាស់ ដូចជាផែនដី ញាណទស្សនៈ របស់ព្រះមានព្រះភាគ មិនមានអ្វី រារាំងបានទេ ព្រោះហេតុនោះ ខ្ញុំសូមសួរព្រះអង្គ អ្នក ប្រាជទាំងឡាយ ហៅបុគ្គលដូចម្តេចថា ជាអ្នកមានសីល ហៅបុគ្គលដូចម្តេចថា ជាអ្នកមានបញ្ញា បុគ្គលដូចម្តេច ដែលអ្នកប្រាជ តែងហៅថា ជាអ្នកកន្លង នូវសេចក្តី ទុក្ខបាន ទេវតាទាំងឡាយ តែងបូជានូវបុគ្គលដូចម្តេច ។ ព្រះអង្គត្រាស់ថា បុគ្គលណា មានសីល មានបញ្ញា មានខ្លួនចម្រើនហើយ មានចិត្តតាំងខ្ជាប់ ត្រេកអរក្នុងឈាន មានស្មារតី ប្រាសចាកសេចក្តី សោក លះបង់នូវកិលេសទាំងពួង មានអាសវៈអស់ ហើយ ទ្រទ្រង់នូវរាងកាយជាទីបំផុត អ្នកប្រាជទាំងឡាយ តែងហៅបុគ្គលនោះថា ជាអ្នកមានសីល តែង ហៅបុគ្គលនោះថា ជាអ្នកមានបញ្ញា បុគ្គលនោះ ដែលអ្នកប្រាជ តែងហៅថា ជាអ្នកកន្លងនូវសេចក្តី ទុក្ខបាន ទេវតាទាំងឡាយ តែងបូជានូវបុគ្គលនោះ ។