អដ្ឋកថា ចន្ទនសូត្រទី ៥
គប្បីជ្រាបវិនិច្ឆ័យក្នុងចន្ទនសូត្រទី ៥ តទៅ បទថា អប្បតិដ្ឋេ អនាលម្ពេ បានដល់ មិនមានទីពឹងក្នុងខាងក្រោម មិនមានទីតោង ក្នុងខាងលើ ។ បទថា សុសមាហិតោ បានដល់ តាំងមាំដោយល្អ ដោយ អប្បនាសមាធិខ្លះ ដោយឧបចារសមាធិខ្លះ ។ បទថា បហិតត្តោ ប្រែថា មានខ្លួនបញ្ជូនទៅហើយ ។ បទថា នន្ទិភវបរិក្ខីណោ ប្រែថា មានភពជាទី ត្រេកអរអស់ហើយ ។ អភិសង្ខារ គឺកម្ម ៣ ( បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអនេញ្ជាភិសង្ខារ ) ឈ្មោះថា ភពជាទីត្រេកអរ ដូច្នោះ ក្នុងព្រះ គាថានេះ សំយោជនៈខាងក្រោម ៥ ព្រះមានព្រះភាគ ទ្រង់កាន់យកដោយ សព្ទថា កាមសញ្ញា សំយោជនៈខាងលើ ៥ ទ្រង់កាន់យកដោយសព្ទថា រូបសំយោជនៈ អភិសង្ខារ គឺកម្ម ៣ ទ្រង់កាន់យកដោយសព្ទថា នន្ទិភព ។ បុគ្គលណាលះបង់សំយោជនៈ ១០ និងអភិសង្ខារ គឺកម្ម ៣ បានយ៉ាងនេះ បុគ្គលនោះរមែងមិនលិចចុះក្នុងអន្លង់ជ្រៅ ។ ម្យ៉ាងទៀត កាមភពទ្រង់កាន់ យកដោយកាមសញ្ញា រូបភពទ្រង់កាន់យកដោយរូបសំយោជនៈ អរូបភពទ្រង់ កាន់យកដោយសព្ទទាំងពីរនោះ អភិសង្ខារ គឺកម្ម ៣ ទ្រង់កាន់យកដោយ នន្ទិភព ព្រោះហេតុនោះ ទើបព្រះមានព្រះភាគ ទ្រង់សម្តែងថា បុគ្គលណា មិនមានសង្ខារ ៣ ក្នុងភព ៣ យ៉ាងនេះ បុគ្គលនោះ រមែងមិនលិចចុះក្នុង អន្លង់ទឹកជ្រៅ ដូច្នេះ ។