សុព្រហ្មសូត្រទី ៧
ក្បាលទី 19 · ទំព័រ 415
សុព្រហ្មទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបទូល សួរព្រះមានព្រះភាគ ដោយគាថាថា កាលបើកិច្ច គឺសេចក្តីទុក្ខទាំងឡាយមិនទាន់កើតឡើង ក្តី ឬកើតឡើងហើយក្តី ចិត្ត ( របស់ខ្ញុំព្រះអង្គ ) នេះ តក់ស្លុតជានិច្ច ចិត្ត ( របស់ខ្ញុំព្រះអង្គ ) នេះរន្ធត់ជានិច្ច បើចិត្តដែលមិនតក់ស្លុតមាន ខ្ញុំព្រះអង្គសូមសួរ ឲ្យ ព្រះអង្គប្រាប់ នូវចិត្តនោះ ដល់ខ្ញុំព្រះអង្គ ។ ( ព្រះអង្គត្រាស់ថា ) តថាគតមិនឃើញ សួស្តីរបស់ពួកសត្វ ក្រៅអំពីពោជ្ឈង្គ និងតបោគុណ ទេ ក្រៅអំពីការសង្រួមនូវឥន្ទ្រិយទេ ក្រៅអំពីការលះបង់ នូវកិលេសទាំងអស់ទេ ។ លុះព្រះមានព្រះភាគ ពោលគាថានេះរួចហើយ ។ បេ ។ ទេវបុត្តនោះ ក៏បាត់អំពីទីនោះទៅ ។